Feature

លោក ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងររម្លឹកឱ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ចំពោះការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងល្បិចឆបោកតាមគ្រប់រូបភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យឌីជីថលនេះ។ 

ការអំពាវនាវនេះធ្វើឡើង ក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យា កំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ បានកើតមានឡើងយ៉ាងញឹកញាប់ ក្នុងរូបភាពផ្សេងៗគ្នា។ គោលបំណងនៃការឆបោកទាំងនេះ គឺដើម្បីលួចទិន្នន័យគណនី ឬឯកសារសម្ងាត់ផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ ចំណែកឯការបង្កើតព័ត៌មានក្លែងក្លាយវិញ គឺដើម្បីបំពុលសង្គម ឬមានចេតនា នយោបាយមិនល្អណាមួយ។

លោកបញ្ជាក់ថា ប្រសិនបើអ្នកទទួល បានតំណភ្ជាប់ដែលមិនស្គាល់ប្រភពតាមរយៈ Facebook, Telegram ឬបណ្ដាញសង្គមផ្សេងៗ សូមកុំចុចបើក និងកុំចែកចាយបន្តជាដាច់ខាត ហើយគួរលុបតំណភ្ជាប់ទាំងនោះចោលភ្លាមៗ ព្រោះការចុចចូលនឹងធ្វើឱ្យជនឆបោក អាចលួចចូលគ្រប់គ្រងគណនី ឬលួចយកព័ត៌មានសម្ងាត់ ពីក្នុងទូរស័ព្ទរបស់យើងបាន។ 

មួយវិញទៀត សូមកុំផ្ដល់អត្តសញ្ញាណប័ណ្ណ ឬព័ត៌មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ  ឬបើកគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ទោះបីជាពួកគេផ្តល់ប្រាក់កម្រៃបន្តិចបន្តួចក៏ដោយ។ ជនឆបោកនឹងប្រើប្រាស់គណនីរបស់យើងដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។ 

ដោយឡែកជុំវិញការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា មុននឹងជឿ ឬចែកចាយព័ត៌មានណាមួយ អ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ ពីស្ថាប័នផ្លូវការជាមុនសិន ដើម្បីជៀសវាងការចាញ់បោក ឬការចែកចាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សង្គម។

ទន្ទឹមនឹងនេះ លោក ទេព អស្នារិទ្ធ ក៏បានអំពាវនាវជាថ្មី និងក្រើនរំលឹកយ៉ាងទទូច ដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» ដោយត្រូវអនុវត្ត «៣កុំ» គឺ កុំទាន់ជឿភ្លាមតាមអារម្មណ៍ ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែក ដោយត្រូវផ្អាកហើយគិតសិន, កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគ នៃព័ត៌មានក្លែងក្លាយ, និង កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញ ហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺ ការពារសន្តិសុខព័ត៌មានខ្លួនឯង តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន រួចយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងទាន់ល្បិចកល នៃព័ត៌មានក្លែងក្លាយ។

ការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះទៅចែករំលែក បន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ៕

To Top