សហជីព ៖ ការចរចាប្រាក់ឈ្នួល ត្រូវផ្អែកទៅលើលក្ខណៈបច្ចេកទេស និងស្ថានភាពជាក់ស្ដែង មិនមែនផ្អែកលើអារម្មណ៍ ឬធ្វើប្រជាភិថុតិនោះទេ
ភ្នំពេញ៖ តំណាងសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចរចាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានធ្វើឡើងទៅតាមលក្ខណៈបច្ចេកទេសចំនួន ៧ចំណុច និងផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ដោយមិនអាចស្នើសុំដំឡើងតាមអារម្មណ៍ ឬការធ្វើប្រជាភិថុតិនោះទេ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានសហជីពមួយចំនួនដែលតាំងខ្លួនជាសហជីពឯករាជ្យ បានអំពាវនាវឱ្យកម្មករនិយោជិតដែលជាបក្ខពួករបស់ខ្លួនស្រែកទាមទារដំឡើងប្រាក់ឈ្នួលរហូតដល់ ២៥០ដុល្លារអាមេរិក ស្របពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងប្រជុំជាមួយភាគីពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា ការចរចាប្រាក់ឈ្នួលអប្បបរមា គឺជាដំណើរការដែលត្រូវអនុវត្តដោយមានការពិចារណាយ៉ាងម៉ត់ចត់ទៅលើស្ថានភាពសេដ្ឋកិច្ច សង្គម និងសមត្ថភាពរបស់វិស័យផលិតកម្ម ជាពិសេសត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យបច្ចេកទេសទាំង ៧ចំណុច ដែលបានកំណត់ជាគោលការណ៍របស់ស្ថាប័នអន្តរជាតិសម្រាប់ការចរចាជាមួយភាគីពាក់ព័ន្ធ។
លោកបន្តថា ការកំណត់តួលេខប្រាក់ឈ្នួល មិនគួរធ្វើឡើងដោយផ្អែកលើការទាមទារខ្ពស់តាមអារម្មណ៍ ការប្រកួតប្រជែងផ្នែកនយោបាយរវាងសហជីព និងយកមកធ្វើប្រជាភិថុតិនោះទេ ប៉ុន្តែត្រូវពិចារណាឱ្យបានសមស្របរវាងជីវភាពកម្មករនិយោជិត ស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពផលិតរបស់និយោជក ដើម្បីធានាឱ្យការដំឡើងប្រាក់ឈ្នួលមានចីរភាព។

ថ្នាក់ដឹកនាំសហជីពរូបនេះមានប្រសាសន៍ថា៖«ការចរចាប្រាក់ឈ្នួល គឺមិនមែនអ្នកណាទាមទារខ្ពស់ជាងអ្នកនោះនឹងល្អជាងនោះទេ ហើយសូមឈប់យកការទាមទារនេះទៅបោកប្រាស់កម្មករ។ ខ្ញុំចង់ឃើញការគណនាតួលេខជាក់លាក់ ឬរបាយការណ៍សិក្សាស្រាវជ្រាវរបស់ពួកគាត់ដែលទាមទារឡើងដល់ ២៥០$ ហើយសុំឱ្យពួកគាត់បង្ហាញរបាយការណ៍នេះជាសាធារណៈថាតើពួកគាត់ផ្អែកទៅលើភស្ដុតាងអ្វីខ្លះ ហើយប្រមូលប្រភពព័ត៌មានពីខាងណាខ្លះ?»។
ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា ការចរចាប្រាក់ឈ្នួលអប្បបរមា គួរតែជាការចរចាដែលមានការទទួលខុសត្រូវ និងផ្អែកលើផលប្រយោជន៍រួមរបស់កម្មករនិយោជិត និយោជក និងសេដ្ឋកិច្ចជាតិទាំងមូល។ អ្នកនយោបាយ និងសហជីពខ្លះ យកមកធ្វើជាផលប្រយោជន៍សម្រើនយោបាយរបស់ក្រុមខ្លួនមួយក្ដាបតូចនោះទេ។

លោកបានសង្កត់ធ្ងន់ថា ការទាមទារតួលេខប្រាក់ឈ្នួលណាមួយ ត្រូវមានមូលដ្ឋានច្បាស់លាស់ និងអាចពន្យល់បានតាមទិន្នន័យសេដ្ឋកិច្ច និងសង្គម។ ការទាមទារដោយគ្មានការពិចារណាពីស្ថានភាពជាក់ស្ដែង អាចបង្កើតការរំពឹងទុកខ្ពស់ដល់កម្មករ ប៉ុន្តែមិនប្រាកដថាអាចសម្រេចបានតាមការចរចាជាក់ស្ដែងឡើយ។
លោក អ៊ុន ដារ៉ា មានប្រសាសន៍ថា៖«យើងគាំទ្រឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករ ប៉ុន្តែការដំឡើងនោះត្រូវធ្វើឡើងដោយមានមូលដ្ឋានបច្ចេកទេស និងស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។ សហជីពគួរតែផ្តល់ព័ត៌មានដែលមានការទទួលខុសត្រូវដល់កម្មករ មិនគួរបង្កើតការរំពឹងទុកដោយការទាមទារតួលេខខ្ពស់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ»។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤(២០២៥-២០២៦) បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។
កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ ក្នុងការពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួមសម្រាប់កិច្ចប្រជុំបន្ទាប់នៅព្រឹកថ្ងៃចន្ទ ទី១៤, នៅរសៀលថ្ងៃសុក្រ ទី១៨, នៅព្រឹក ថ្ងៃចន្ទ ទី២៨, និងលើកចុងក្រោយ នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

