ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្ហាញឆន្ទៈចូលរួមជាមួយ BRICS ដើម្បីគាំទ្រពហុភាគីនិយម និងប្រឆាំងការដាក់ទណ្ឌកម្ម

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ការចូលរួមក្នុងក្រុម BRICS នឹងក្លាយជាជំហានបន្ទាប់របស់អ៊ីរ៉ង់ ក្នុងការប្រកាន់ខ្ជាប់ នូវពហុភាគីនិយម និងការប្រឆាំងនឹងការដាក់ទណ្ឌកម្ម។

លោកបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលត្រូវបានផ្សាយផ្ទាល់កាលពីយប់ថ្ងៃអង្គារ ដោយបានអត្ថាធិប្បាយអំពីគុណសម្បត្តិ ដែលអ៊ីរ៉ង់ អាចទទួលបានពីការចូលរួមក្នុងអង្គការក្នុងតំបន់ដូចជា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង BRICS  ហើយយន្តការសហប្រតិបត្តិការទីផ្សារ ដែលកំពុងរីកចម្រើនដែលដាក់ជាក្រុមរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

ការ​អត្ថាធិប្បាយ​របស់​អ្នកការទូត​អ៊ីរ៉ង់ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ SCO នៅ​ដើម​ខែ​នេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Amir-Abdollahian បានកត់សម្គាល់ថា តាមរយៈការចូលរួមជាមួយអង្គការដូចជា SCO និង BRICS អ៊ីរ៉ង់ ភាគច្រើនព្យាយាមសម្រេចបាន នូវរបកគំហើញនៅក្នុងពាណិជ្ជកម្មបរទេសរបស់ខ្លួន ឆ្ពោះទៅរកពហុភាគីនិយម និងប្រឆាំងនឹងគោលនយោបាយឯកតោភាគី ដូចជាការដាក់ទណ្ឌកម្ម។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវពិសេសនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៥ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Johannesburg ក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែសីហា។

លោកបានសង្កត់ធ្ងន់ថា ពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនជាឯកតោភាគីនិយមនោះទេ ហើយសណ្តាប់ធ្នាប់អន្តរជាតិថ្មី កំពុងលេចចេញឡើង ដោយលោកបានបន្ថែមថា លក្ខណៈសំខាន់ នៃសណ្តាប់ធ្នាប់ថ្មី គឺប្រទេសនានាបានផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់លទ្ធិឯកតោភាគី និងឆ្ពោះទៅរកពហុភាគីនិយម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top