ព័ត៌មានអន្តរជាតិ

កាណាដា ដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៊ី

រូបភាពពី៖​ AFP

អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានប្រកាស​ថា ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មយោធា និងវប្បធម៌បន្ថែមប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទណ្ឌកម្មទាំងនេះបានកំណត់គោលដៅបុគ្គលចំនួន ២០ និងអង្គភាពចំនួន ២១ ដែលភ្ជាប់ទៅនឹងបរិវេណឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី ក៏ដូចជាបុគ្គលចំនួន ១៩ នាក់ និងអង្គភាពចំនួន ៤ នៅក្នុងវិស័យវប្បធម៌ និងការអប់រំរបស់រុស្ស៊ី។

យោងតាមការចេញផ្សាយនេះ ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពរបស់រុស្ស៊ី ដែលភ្ជាប់ទៅនឹងក្រុមហ៊ុនយោធាឯកជន ដែលរួមមានប្រធានក្រុមទាហានស៊ីឈ្នួល Wagner ដែលបានធ្វើសកម្មភាពនៅអ៊ុយក្រែន និងអាហ្វ្រិក។ ប្រទេសកាណាដា បានចុះបញ្ជីក្រុម Wagner Group និងមេដឹកនាំរបស់ខ្លួនគឺ Yevgeny Prigozhin រួចហើយ។

ការចេញផ្សាយនេះបានឲ្យដឹងថា ប្រទេសកាណាដា ក៏កំពុងកំណត់គោលដៅលើមេដឹកនាំក្នុងវិស័យនុយក្លេអ៊ែររបស់រុស្ស៊ី និងបុគ្គលរុស្ស៊ីមួយចំនួន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍យានយន្ដដ្រូន Orlan-10 ការផលិត និងខ្សែសង្វាក់ផ្គត់ផ្គង់។

ការចេញផ្សាយបានបានឲ្យដឹងថា លើសពីនេះ ទណ្ឌកម្មទាំងនេះផ្តោតទៅលើតារាចម្រៀង តារាសម្ដែង និងផលិតករភាពយន្តរបស់រុស្ស៊ី ក៏ដូចជាអង្គភាព និងមន្ត្រីជាន់ខ្ពស់ក្នុងវិស័យវប្បធម៌របស់រុស្ស៊ី ដូចជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមេដឹកនាំនៃសារមន្ទីរធំៗជាដើម។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មក ប្រទេសកាណាដា បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ២៦០០ នៅក្នុងប្រទេសរុស្ស៊ី បេឡារុស្ស អ៊ុយក្រែន និងម៉ុលដូវ៉ា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top