ព័ត៌មានអន្តរជាតិ

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី កាន់តែអាក្រក់ទៅៗ ដោយសារទណ្ឌកម្មរបស់អាមេរិក

Xinhua

ដាម៉ាស់៖ នាយករដ្ឋមន្ត្រីស៊ីរីលោក Hussein Arnous បានឲ្យដឹងថា ភាពចលាចលសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ នៅពេលដែលរូបិយប័ណ្ណជាតិបន្តធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Arnous បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ដែលលោកបានលើកឡើងថា បាននាំឱ្យមានការបង្ខូចទ្រង់ទ្រាយនៃយន្តការកំណត់តម្លៃ ដែលបណ្តាលឱ្យមានអតិផរណាខ្ពស់ និងការជាប់គាំងក្នុងវិស័យជាច្រើន។

នៅព្រឹកថ្ងៃនោះ ធនាគារកណ្តាលនៃប្រទេសស៊ីរី បានវាយតំលៃប្រាក់ផោនស៊ីរីប្រហែល ៣០ភាគរយ ដោយប្រាក់ដុល្លារអាមេរិកបានប្តូរទៅ ៨៥៤២ ផោនស៊ីរី ខណៈដែលនៅក្នុងទីផ្សារងងឹត ប្រាក់ដុល្លារត្រូវបានលក់ក្នុងតម្លៃ ១១៨០០ ផោនស៊ីរី។

Xinhua

លោក Arnous បានចាត់ទុកអស្ថិរភាពនៃទីផ្សារប្តូរប្រាក់ ទៅនឹងកង្វះខាតនៃការប្តូរប្រាក់បរទេស ដែលប្រទេសនេះត្រូវការ សម្រាប់ថាមពល គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ ក្នុងចំណោមផលិតផលផ្សេងៗទៀត។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញពីកត្តារួមទាំងទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ការរញ្ជួយដីដ៏ធំនៅក្នុងខែកុម្ភៈ និងវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងតំបន់សម្បូរថាមពលនៅភាគខាងកើតប្រទេសស៊ីរី បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top