គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានថ្កោលទោស ចំពោះចេតនារបស់ប្រទេសមួយចំនួន ក្នុងការបន្តរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់សហភាពអឺរ៉ុប ។
លោក Kuleba បានឲ្យដឹងថា “វាមិនអាចទទួលយកបាននោះទេ។ ការទាមទារដោយប្រទេសមួយចំនួន ដើម្បីបន្តការរឹតបន្តឹងរបស់សហភាពអឺរ៉ុប បន្ទាប់ពីថ្ងៃទី១៥ ខែកញ្ញា ក៏ប្រឆាំងនឹងផលប្រយោជន៍របស់ពួកគេដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោករដ្ឋមន្ត្រីបានបន្ថែមថា អ៊ុយក្រែន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហានេះ។ កាលពីខែឧសភា គណៈកម្មការអឺរ៉ុបបានដាក់បម្រាមលើការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ទៅប្រទេសអឺរ៉ុបចំនួន ៥។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី ប៊ុលហ្គារី និងរូម៉ានី បានសម្តែងនូវចេតនារបស់ពួកគេក្នុងការបន្តការហាមឃាត់ ដែលផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីការពារផលប្រយោជន៍របស់កសិកររបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា