ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តនិស្សិត សិក្សានៅក្រៅប្រទេស ក្រេបយកចំណេះ មកបម្រើជាតិវិញ

រូបភាពក្រសួងការងារ

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្ត ដល់ក្រុមនិស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដែលទទួលបានអាហារូបករណ៍ក្តី ត្រូវចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកប ម្រើជាតិវិញឲ្យកាន់តែរីកចម្រើនទៅមុខ ។

ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១ សីហា លោក អ៊ិត សំហេង ជូនពរដល់និស្សិត ទាំងនេះទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍ តាមវិស័យការងាររៀងៗ ខ្លួនឲ្យកាន់តែល្អប្រសើរ។

លោកលើកឡើងថា កម្មវិធីអាហារូបករណ៍ របស់រដ្ឋាភិបាលជប៉ុន សម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ ធនធានមនុស្ស ដូច្នេះសង្ឃឹមថា និស្សិតកម្ពុជានឹង ខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះ ជាផលប្រយោជន៍ សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

លោកថា នៅជប៉ុនមាននិស្សិត និងប្រជាជនកម្ពុជា ជាង២ម៉ឺន៥ពាន់នាក់ តែងតែជួបជុំគ្នាប្រារព្ធពិធីក ម្សាន្តផ្សេងៗ។ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ ក្រុមនិស្សិត ដដែលជួយផ្សព្វផ្សាយ ពីស្ថានភាពនយោបាយ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅក្នុងប្រទេសទៅដល់អ្នកសិក្សាមុនៗ និងប្រជាជនរស់នៅធ្វើការនៅទីនោះ។

លោករដ្ឋមន្ត្រីក៏បានបន្តណែនាំដល់ក្រុមនិស្សិត ត្រូវចូលរួមជួយ លើកម្ពស់កិត្តិយសកម្ពុជា ព្រមទាំងត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ពិសេសត្រូវខិតខំសិក្សាស្វែងយល់យកចំណេះ ជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញ។

លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងចំណោមនិស្សិត ទាំង២៤នាក់នេះ មានមន្ត្រីរាជការថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន ។ មុខជំនាញដែលត្រូវសិក្សានោះមាន៨ជំនាញ ។ អាហារូបករណ៍របស់ជប៉ុន សម្រាប់មន្ត្រីរាជការកម្ពុជានេះ ជាគម្រោងជំនួយឥតសំណង ដែលត្រូវបានអនុវត្ត ចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន្ន មាននិស្សិតកម្ពុជា ជាង៥០០នាក់ ហើយដែលបានទទួលអាហារូបករណ៍នេះ ៕

To Top