វ៉ាស៊ីនតោន៖ កាសែតអាមេរិកមួយបានដកស្រង់ប្រភព ដែលដឹងអំពីស្ថានភាពនេះថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានបំណងស្នើឱ្យសភា ផ្តល់ហិរញ្ញប្បទានដល់ការបំពាក់អាវុធដល់កោះតៃវ៉ាន់ ជាផ្នែកនៃថវិកាបន្ថែម សម្រាប់អ៊ុយក្រែន។
ការបោះពុម្ពផ្សាយបានសរសេរថា “សេតវិមាននឹងស្នើឱ្យសភាផ្តល់ថវិកា សម្រាប់សព្វាវុធ សម្រាប់កោះតៃវ៉ាន់ ដែលជាផ្នែក នៃសំណើថវិកាបន្ថែម សម្រាប់អ៊ុយក្រែន” ដូចដែលបានកត់សម្គាល់ សំណើរបស់សេតវិមានមានគោលបំណងពន្លឿនការបញ្ជូនអាវុធទៅតៃវ៉ាន់ ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។
យោងតាមប្រភពព័ត៌មាន ការិយាល័យគ្រប់គ្រង និងថវិការបស់សហរដ្ឋអាមេរិក នឹងរួមបញ្ចូលការផ្តល់មូលនិធិសម្រាប់កោះតៃវ៉ាន់ នៅក្នុងសំណើបន្ថែមដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនល្បឿនការដឹកជញ្ជូនអាវុធ។ ការបោះពុម្ពផ្សាយបានកត់សម្គាល់ថា ប្រសិនបើមានការយល់ព្រមពីសភា វានឹងក្លាយជាលើកទីមួយហើយ ដែលតៃវ៉ាន់បានទទួលអាវុធតាមរយៈប្រព័ន្ធ ដែលផ្តល់មូលនិធិដោយអ្នកបង់ពន្ធរបស់សហរដ្ឋអាមេរិក។
សេតវិមានត្រូវបានគេរំពឹងថា នឹងផ្ញើសំណើនេះនៅដើមខែសីហា។ កាសែតនេះបានកត់សម្គាល់ថា ការិយាល័យ Oval បានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬផ្តល់ព័ត៌មានលម្អិតអំពីចំនួនប្រាក់ ដែលនឹងត្រូវស្នើសុំ សម្រាប់តៃវ៉ាន់។
កាលពីពាក់កណ្តាលខែកក្កដា ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរតែពន្លឿនការបញ្ជូនសព្វាវុធទៅកាន់កោះតៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាពការពាររបស់កោះនេះ។
យោងតាមលោក Milley តម្រូវការចម្បងរបស់តៃវ៉ាន់ គឺការការពារដែនអាកាស និងឧបករណ៍ ដែលអាចវាយប្រហារគោលដៅដែនសមុទ្រពីដី។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក កំពុងពិចារណាលើជម្រើសក្នុងការផ្លាស់ប្តូរទីតាំងនៃឧបទ្វីបរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមខែសីហាឆ្នាំ២០២២ នៅពេលដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាកោះនេះ។ ប្រទេសចិន ដែលចាត់ទុកតៃវ៉ា ន់ជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួនបានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដែលខ្លួនបានបកស្រាយថា ជាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការបំបែកខ្លួនរបស់តៃវ៉ាន់ ហើយជាការឆ្លើយតបទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។
ទំនាក់ទំនងផ្លូវការរវាងរដ្ឋាភិបាលកណ្តាល និងខេត្តកោះរបស់ខ្លួន បានបែកបាក់នៅឆ្នាំ១៩៤៩ បន្ទាប់ពីកងកម្លាំងគួមីនតាង ដែលចាញ់ដឹកនាំដោយឈៀង កៃឆេក បានផ្លាស់ទៅតៃវ៉ាន់ ក្នុងសង្រ្គាមស៊ីវិលជាមួយបក្សកុម្មុយនិស្តចិន។ ទំនាក់ទំនងពាណិជ្ជកម្ម និងក្រៅផ្លូវការរវាងកោះ និងចិនដីគោកបានបន្តឡើងវិញនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ។
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ភាគីទាំងពីរបានរក្សាទំនាក់ទំនងតាមរយៈអង្គការមិនមែនរដ្ឋាភិបាល – សមាគម ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង សម្រាប់ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងមូលនិធិផ្លាស់ប្តូរច្រកសមុទ្រ ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ៕ ប្រែសម្រួល ឈូក បូរ៉ា