ភ្នំពេញ ៖ ដើម្បីធ្វើយ៉ាងណាសំដៅ ឲ្យសំណង់នៅកម្ពុជា មានគុណភាពរឹងមាំនោះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញ វិធានការយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើការដ្ឋានមួយកន្លែង គ្មានវិស្វករចំនួន២នាក់ទេ ការដ្ឋាននោះនឹងត្រូវបិទចោលភ្លាមៗ។
ក្នុងវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពី សំណង់ជូនអ្នកវិជ្ជាជីវៈ លើកទី៣ ក្នុងវិស័យសំណង់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ជា សុផារ៉ា មានប្រសាសន៍ថា «រាល់ការសាងសង់សំណង់គ្រប់ប្រភេទ នៅទូទាំងប្រទេស គឺត្រូវតែមានវិស្វករចំនួន២នាក់ នៅប្រចាំក្នុងការដ្ឋានសាងសង់ ដើម្បីឲ្យការសាងសង់មានគុណភាព និងសុវត្ថិភាពទៅដល់កម្មករ ព្រមទាំងរក្សាបានសណ្តាប់ធ្នាប់សាធារណៈ»។
លោកបន្ដថា «ក្រសួងនឹងបញ្ជូនមន្រ្តីបច្ចេកទេស ទៅអធិការកិច្ចរាល់ការដ្ឋានសំណង់នានា ដែលកំពុងសាងសង់ ដើម្បីប្រាកដថា រាល់គ្រប់ការដ្ឋាន ត្រូវតែមានវិស្វករប្រចាំការ។ ក្នុងករណី មន្រ្តីរកឃើញសំណង់ទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្រសួងនឹងបញ្ឈប់ការសាងសង់ និងឃាត់ខ្លួនម្ចាស់សំណង់ ដើម្បីពិន័យតាមច្បាប់ដែលបានកំណត់»។
លោកបន្ថែមថា រាល់ការដ្ឋានសាងសង់ សំណង់អគារធំៗទាំងអស់ ត្រូវតែរត់ច្បាប់សាងសង់ជាមុន និងអនុវត្តតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដែលក្រសួងបានកំណត់ ដើម្បីឲ្យរាល់ការសាងសង់ ធានាបានសុវត្ថិភាព សោភណ្ឌភាព និង សំណង់មានគុណភាពរឹងមាំ។
ជាងនេះទៅទៀត រដ្ឋមន្រ្តីក្រសួងដែនដី ចង់បានវិស្វករ សា្ថបត្យករ នៅប្រចាំការ ពីព្រោះជាឆ្អឹងខ្នងបង្អែកនៃសង្គមជាតិ។
លោករដ្ឋមន្ដ្រីថា ក្រសួងបើកទំនាក់ទំនង ឲ្យបានទូលំទូលាយជាមួយ ស្ថាបត្យករ វិស្វករ ទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យស្ថាបត្យករ វិស្វករ កម្ពុជា មានការងារធ្វើកាន់តែច្រើន៕ ដោយ ៖ អេង ប៊ូឆេង