ព័ត៌មានជាតិ

ពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្ន ឬស្វែងរកទីទួលសុវត្ថិភាព ខណៈកម្រិតទឹកជិតដល់ប្រកាសអាសន្ន

រូបភាពពី៖ ហ្វេសប៊ុក

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ធំ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឬស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីកម្រិតទឹក នៅតាមដងស្ទឹងជិតដល់កម្រិតប្រកាសអាសន្ន។

តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ធំ នាពេលថ្មីៗនេះ បានឱ្យ​ដឹង​ថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និងតាមបណ្ដោយដងស្ទឹងសែន បានហក់ឡេីងជិតដល់កម្រិតប្រកាសអាសន្នហើយ។

រដ្ឋបាលខេត្ត គូសបញ្ជាក់ថា «ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារៈ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយ កើតឡើង»។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ ៕

To Top