បរទេស៖ សេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនស្ត្រីម្នាក់ ដែលបានបញ្ជូនព័ត៌មាន សម្ងាត់ដល់រុស្ស៊ី អំពីទីតាំង របស់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី ដើម្បីឲ្យពួកគេអាចព្យាយាម សម្លាប់លោក ហ្សេលេនស្គីបាន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរថា ជនសង្ស័យគឺជាអ្នករស់នៅទីក្រុងកំពង់ផែ Ochakov ក្នុងតំបន់ Nikolaev ដែលធ្លាប់ធ្វើការនៅហាងផ្គត់ផ្គង់យោធា ជាផ្នែកលក់។ សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន បាននិយាយថា ពួកគេបានចាប់ ស្រ្តីជាជនសង្ស័យ ខណៈពេលដែលបញ្ជូនព័ត៌មានទៅឱ្យ “អ្នកឈ្លានពាន” ។
ស្ត្រីជាជនសង្ស័យ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ត្រូវបានគេចោទប្រកាន់ថា បានសាកសួរអំពីកាលវិភាគ និងផ្លូវរបស់លោកប្រធានាធិបតី ហ្សេលេនស្គី មុនពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់តំបន់ Nikolaev ក្នុងខែមិថុនា។ SBU បានរកឃើញជនសង្ស័យ និងអនុវត្តវិធានការសន្តិសុខ បន្ថែមដើម្បីការពារប្រធានាធិបតី ខណៈពេលដែលដាក់ពង្រាយភ្នាក់ងារ ដើម្បីប្រមូលភស្តុតាងបន្ថែមទៀតលើ “អ្នកផ្តល់ព័ត៌មានឱ្យរុស្ស៊ី” ដែលសង្ស័យ។
សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែនបានចោទប្រកាន់ស្ត្រីរូបនេះថាបានស្វែងរកទីតាំងនៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងឃ្លាំងអាវុធនៅក្នុងតំបន់ Ochakov ដូច្នេះរុស្ស៊ីអាចកំណត់គោលដៅពួកគេនៅក្នុង “ការវាយប្រហារតាមអាកាសដ៏ធំ” បាន។ ស្រ្តីខាងលើក៏ត្រូវបានគេចោទ ប្រកាន់ថាបានធ្វើដំណើរជុំវិញស្រុក និងថតរូបទីតាំងរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ខណៈពេលដែលនាងក៏ បានសាកសួរដោយសម្ងាត់ ទាំងនោះនៅក្នុង “ស្ថាប័នសង្គម” ។
សូមជម្រាបថា សេចក្តីប្រកាស របស់ SBU ធ្វើឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីសារព័ត៌មាន Politico បានផ្សាយលក្ខណៈពិសេស អំពីផែនការបន្ទាន់ របស់ទីក្រុងគៀវ ក្នុងករណី ដែលប្រធានាធិបតី ហ្សេលេនស្គី ត្រូវបានគេធ្វើឃាត ដែលសារព័ត៌មាននេះបានអះអាងថា លោកបានគេចរួចក្នុង ឱកាសជាច្រើនដង៕
ប្រែសម្រួលៈ ណៃ តុលា