ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើឲ្យបានគង់វង្ស និងធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍នៃការដាំដើមឈើក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យដើមអាចរស់នៅដោយភាពគង់វង្ស និងរក្សាបាន ជាទីក្រុងពណ៌បៃតង។
ការកំណត់បែបនេះធ្វើឡើងក្នុងពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ៩ កក្កដា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល នាថ្ងៃ១១ សីហា។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ៩ កក្កដានេះធ្វើឡើងដើម្បីបង្ហាញពីស្មារតី យកចិត្តទុកដាក់ក្នុងការថែរក្សាព្រៃឈើ ធ្វើឲ្យភ្នំពេញ មានពណ៌បៃតងស្រស់ស្អាត។ ត្រូវថែរក្សាដើមឈើឲ្យបានគង់វង្ស ដោយក្រោយការដាំ ត្រូវធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដាំដើមឈើ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យបានដឹងថា ដើមឈើរស់ឬងាប់ ងាយស្រួលដាំបន្ថែម ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញជាទីក្រុងរក្សាមានភាពបៃតងស្រស់ស្អាត ។
លោកបន្តថា ព្រៃឈើមានអត្ថប្រយោជន៍ច្រើន ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អ៊ុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃ មិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវថែទាំនិងរក្សា ព្រៃឈើឲ្យបានគង់វង្សទាំងអស់គ្នា។
តាមការឲ្យដឹងពីលោក ឃួង ស្រេង ក្នុងពិធីដាំ និងចែកកូនឈើនេះ មានដើមឈើចំនួន១២៩៦ដើម ដោយ២៣០ដើម ចែកនៅតាមវត្តអារាម និងសាលារៀន និងចំនួន២០០០ដើមផ្សេងទៀត សម្រាប់ចែកនៅទូទាំង១៤ខណ្ឌ ជាមួយនឹងការត្រៀមកូនឈើគ្រប់ប្រភេទចំនួន៣៥០០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមដងផ្លូវសាធារណៈ។
លោក ឃួង ស្រេង ក៏បានជម្រុញ អាជ្ញាធរខណ្ឌទាំងអស់ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ យ៉ាងហោចណាស់ ក្នុង១ខណ្ឌយ៉ាងតិច២០០ដើម ៕