បរទេស៖ ក្រុមពីឡូតអ៊ុយក្រែន ដំបូងដែលនឹងត្រូវធ្វើដំណើរទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរយន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេសលោកខាងលិច ត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់និងអាចហោះហើរបានឡើយរហូតដល់ឆ្នាំ២០២៤។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់នេះហើយដែរក្នុងនោះមានពីឡុតបម្រុងចំនួន២នាក់ប៉ុណ្ណោះ ហើយក្នុងនោះពួកគេអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស បានច្បាស់លាស់។
កន្លងមកក្រុមមន្ត្រីតែងតែបានទទូចឱ្យក្រុមអ្នកបើកយន្តហោះចូលរួមមេរៀនភាសាអង់គ្លេសរយៈពេល៤ខែក្នុងប្រទេសអង់គ្លេស ជាមុនសិនដើម្បីរៀនវាក្យស័ព្ទជាក់លាក់ដែលទាក់ទងនឹងយន្តហោះទំនើបៗ។
លុះត្រាណាតែពួកគេបានបញ្ចប់វគ្គសិក្សាភាសា ទាំងនេះប៉ុណ្ណោះ ទើបអ្នកបើកយន្តហោះអាចចាប់ផ្តើមហ្វឹកហាត់ប្រយុទ្ធបានដែលនេះមានន័យថាការហ្វឹកហាត់ ជាក់ស្តែងនឹងកើតឡើងមិនយូរជាងខែមករាទេ ហើយកម្មវិធីហ្វឹកហ្វឺន F-16 ខ្លួនឯងនឹងចំណាយពេលប្រាំមួយខែ៕ ប្រែសម្រួល៖ស៊ុនលី