ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន បើកការបណ្តុះបណ្តាល ភីឡុតអ៊ុយក្រែន លើការប្រើប្រាស់យន្តហោះចម្បាំង F-16 នៅអាមេរិក

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (NSC) លោក john Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិក បើកចំហចំពោះគំនិត នៃការអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែន មកប្រទេសនេះ សម្រាប់ការបណ្តុះបណ្តាលអំពីរបៀបប្រតិបត្តិការយន្តហោះចម្បាំង F-16 ។

លោកបានឲ្យដឹងថា “សម្ព័ន្ធមិត្តអ៊ឺរ៉ុប របស់យើង ដូចដែលខ្ញុំបាននិយាយ កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ប៉ុន្តែប្រសិនបើសមត្ថភាព សម្រាប់ការហ្វឹកហ្វឺននៅអឺរ៉ុប មិនត្រូវបានឈានដល់ យើងពិតជាបើកចំហ សម្រាប់ការបណ្តុះបណ្តាល សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន នៅទីនេះនៅក្នុងសហរដ្ឋអាមេរិក” ។

លោកបានសង្កត់ធ្ងន់ថា ការហ្វឹកហ្វឺននេះគឺជា “ដំណើរការពហុជំហាន” ដែលប្រើពេលយូរ ដែលទីបំផុតមានគោលបំណង “ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារខ្លួន និងយោធារបស់អ៊ុយក្រែន សម្រាប់រយៈពេលវែង” ។

លោកបានលើកឡើងថា “វានឹងមានមួយរយៈមុនពេលយន្តហោះ អាចបង្ហាញខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយសម្រាប់ពួកវាត្រូវបានដាក់បញ្ចូលទៅក្នុងកងយន្តហោះ ហើយវាមិនមែនគ្រាន់តែជាមុខងារនៃការផ្ទេរយន្តហោះចម្បាំងពិតប្រាកដនោះទេ” លោកថា ការផ្តល់យន្ដហោះចម្បាំង F-16s និងយន្តហោះជំនាន់ទី៤ ផ្សេងទៀតក៏រួមបញ្ចូលផងដែរនូវ “ការហ្វឹកហ្វឺនដ៏សមរម្យសម្រាប់អ្នកបើកយន្តហោះ ក៏ដូចជាការរៀបចំរាល់កិច្ចខិតខំប្រឹងប្រែង ផ្នែកដឹកជញ្ជូន និងនិរន្តរភាព ដែលឈានទៅដល់ការមានយន្តហោះទំនើបដូចជា F-16 នៅក្នុងកងនាវារបស់អ៊ុយក្រែន”។

យោងតាមលោក Kirby បានឱ្យដឹងថា ឧបសគ្គភាសា គឺជាឧបសគ្គមួយ សម្រាប់ជនជាតិអ៊ុយក្រែន ដោយលោកថា “សៀវភៅណែនាំបច្ចេកទេសទាំងអស់ គឺជាភាសាអង់គ្លេស ហើយការគ្រប់គ្រងទាំងអស់នៅក្នុងយន្តហោះ គឺជាភាសាអង់គ្លេស ដូច្នេះហើយអ្នកបើកយន្តហោះនឹងត្រូវមានជំនាញ ជាមូលដ្ឋានមួយចំនួនក្នុងភាសា ដើម្បីអាចចូលទីនោះ និងហោះហើរបាន”។ ដោយបន្ថែមថា គ្រូបង្វឹកមកពីប្រទេសអង់គ្លេស បានបង្ហាញពីឆន្ទៈក្នុងការជួយក្នុងរឿងនេះ។

ការលើកឡើងរបស់អ្នកនាំពាក្យ គឺដើម្បីឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ដែលនៅពេលសួរសំណួរមួយបានលើកឡើងពីអ្វីដែល ហាក់ដូចជាការត្អូញត្អែរពីអ៊ុយក្រែន អំពីការពន្យារពេលក្នុងការហ្វឹកហ្វឺន ដែលអាចបណ្តាលឱ្យអ្នកបើកយន្តហោះអ៊ុយក្រែន មិនអាចហោះហើរ F-16s បាននោះទេ” រហូតដល់រដូវក្តៅក្រោយ។ ដូច្នេះបង្កើតបានជា “ឧបសគ្គបន្ថែមចំពោះពួកគេប្រឆាំងនឹងរុស្ស៊ី”។

ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បានប្រាប់ទូរទស្សន៍ CNN កាលពីខែមុនថា លោកប្រធានាធិបតីលោក ចូ បៃដិន បានផ្តល់ភ្លើងខៀវដល់សម្ព័ន្ធមិត្តអ៊ឺរ៉ុប ដែលចាប់ផ្តើមបណ្តុះបណ្តាល ជនជាតិអ៊ុយក្រែន នៅលើយន្តហោះចម្បាំងធុន F-16 ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top