ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តន៍តាមច្បាប់ ចំពោះអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានឃាត់រថយន្ត និងប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ សីហា នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ។
ប្រភព ដដែល បន្ដថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់។
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត។
ទាក់ទងករណីនេះដែរ មជ្ឈមណ្ឌលព័ត៏ដើមអម្ពិល បានទាក់ទងទៅលោក ស ថេត ដើម្បីសួរនាំបន្ថែមតែលោកមិនលើកទូរស័ព្ទ៕