ព័ត៌មានអន្តរជាតិ

តំបន់ជាច្រើន នៅក្នុងប្រទេសឡាវ រងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដី

Xinhua

វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា នៅតាមតំបន់ជាច្រើនរបស់ប្រទេសឡាវ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដោយក្នុងនោះ ដីស្រែចម្ការ លំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងទៀត បានរងការខូចខាត ដែលប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ នៅទូទាំងប្រទេសនេះ ។

គេបានដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននាំឱ្យ មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុង ខេត្តមួយចំនួនរបស់ប្រទេសឡាវ ហើយផ្លូវថ្នល់នៅកន្លែងខ្លះត្រូវបាន ខូចខាតដោយគ្រោះបាក់ដី និងធ្វើឱ្យផ្លូវថ្នល់មិនអាចឆ្លងកាត់បានទេ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laophattana Daily News បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្ស២នាក់បានស្លាប់ដោយសារ គ្រោះបាក់ដីនៅខេត្ត Bolikhamxay កាលពីថ្ងៃទី៤ ខែសីហា ហើយសាកសពរបស់ពលរដ្ឋវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញកប់នៅក្រោមដី ដែលបានស្រុតបាក់នៅក្នុងខេត្ត Khammuan កាលពីថ្ងៃចន្ទផងដែរ ។

ទន្ទឹមនឹងនេះដែរ ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានធ្លាក់ជាច្រើនថ្ងៃ បានបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើង ហើយគេបានបិទផ្លូវនៅក្នុងស្រុកនានានៃខេត្ត Luang Prabang កាលពីថ្ងៃទី៦ ខែសីហា ហើយអាជ្ញាធរមូលដ្ឋានកំពុង ខិតខំប្រឹងប្រែងដើម្បីស្តារចរាចរណ៍ ឲ្យមកជាធម្មតាឡើងវិញ ។

ក្រសួងបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេសឡាវ បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ចុះនៅទូទាំងប្រទេស ដែលបណ្តាលឱ្យទឹកទន្លេកើនឡើង និងហូរហៀរច្រាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top