ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងគៀវ គ្មានសំពាធពីលោកខាងលិច ដើម្បីកិច្ចពិភាក្សាសន្តិភាពឡើយ

បរទេស៖ យោងតាមការលើកឡើងដោយប្រធានផ្នែកសន្តិសុខជាតិ និងក្រុមប្រឹក្សាការពារជាតិ នៃប្រទេសអ៊ុយក្រែន លោក Aleksey Danilov បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវ មកទល់ពេលនេះ គឺមិនបានទទួលរងសំពាធណាមួយពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តឡើយក្នុងករណី ដែលមានកិច្ចពិភាក្សាដើម្បីសន្តិភាពណាមួយកើតឡើងជាមួយ នឹងរដ្ឋាភិបាលទីក្រុងមូស្គូ។

អត្ថបទដែលត្រូវបានចេញផ្សាយដោយ RT បានសរសេរទៀតថាអជ្ញាធររបស់អ៊ុយក្រែន នឹងធ្វើការងារព្រមទាំងធ្វើការសម្រេចចិត្ត លើកិច្ចព្រមព្រៀងទាំងអស់ដោយខ្លួនឯងចំពោះកិច្ចប្រជុំណាមួយ ដែលអាចធ្វើឡើងជាមួយនឹងរុស្សី។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា របាយការណ៍ទាំងឡាយដែលសរសេរថារដ្ឋាភិបាលទីក្រុងគៀវ គឺកំពុងទទួលរងសំពាធដើម្បីរៀបចំកិច្ចព្រមព្រៀងជាមួយ នឹងរដ្ឋាភិបាលទីក្រុងមូស្គូ ពីសំណាក់លោកខាងលិច នោះគឺសុទ្ធតែជាព័ត៌មានក្លែងក្លាយទាំងអស់។

សេចក្តីថ្លែងការណ៍របស់ Danilov បានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានសារភាពថាក្រុមអ្នកគាំទ្ររដ្ឋាភិបាលទីក្រុងគៀវ ទាំងអស់នោះទំនងជានឹងរុញច្រានឲ្យអ៊ុយក្រែន ទទួលយកកិច្ចពិភាក្សាសន្តិភាពជាមួយនឹងរុស្សី នៅប៉ុន្មានខែខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top