ព័ត៌មានអន្តរជាតិ

ជប៉ុន ផ្តល់ជំនួយ ២លានដុល្លារដល់កោះហាវ៉ៃ ខណៈអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃកើនឡើងដល់ជាង ១០០នាក់

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងបន្ថែមប្រាក់ចំនួន ២លានដុល្លារជាជំនួយមនុស្សធម៌ដល់កោះហាវ៉ៃ ដើម្បីជួយដល់ការខូចខាត ដែលបណ្តាលមកពីភ្លើងឆេះព្រៃនាពេលថ្មីៗនេះនៅលើកោះ Maui របស់រដ្ឋសហរដ្ឋអាមេរិក ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយបានកើនឡើងដល់ជាង ១០០នាក់។

ជំនួយដែលត្រូវបានផ្តល់ជូនតាមរយៈអង្គការនានា រួមទាំងកាកបាទក្រហមអាមេរិក គឺមានគោលបំណង សម្រាប់សុវត្ថិភាពកន្លែងជម្លៀស ការផ្តល់អាហារ និងជំនួយផ្លូវចិត្ត សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយអគ្គីភ័យ ដែលបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី០8 ខែសីហា ក្នុងចំណោមគោលបំណងផ្សេងទៀត។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថា “ប្រទេសជប៉ុន និងកោះហាវ៉ៃ បានរីករាយនឹងទំនាក់ទំនងមិត្តភាពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយបានចូលរួមក្នុងការផ្លាស់ប្តូរយ៉ាងសកម្មក្នុងវិស័យផ្សេងៗ” ។

ក្នុងចំណោមជំនួយសរុបចំនួន ១,៥លានដុល្លារនឹងត្រូវផ្តល់ទៅឱ្យកាកបាទក្រហមអាមេរិក ហើយនៅសល់នឹងត្រូវបានផ្តល់តាមរយៈអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Japan Platform៕ ប្រែសម្រួល ឈូក បូរ៉ា

To Top