ព័ត៌មានអន្តរជាតិ

នាវាកងទ័ពជើងទឹកចិន និងរុស្សី ១១គ្រឿង ​ធ្វើដំណើរក្បែរដែន កោះភាគខាងត្បូង របស់​ជប៉ុន

ប្រភព៖Kyodo

តូក្យូ៖ នាវាកងទ័ពជើងទឹកចិន និងរុស្ស៊ីសរុបចំនួន ១១ គ្រឿងបានធ្វើដំណើរឆ្លងកាត់ដែនទឹកក្បែរកោះភាគខាងត្បូងនៃខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យរដ្ឋាភិបាលជប៉ុន បង្ហាញ “ការព្រួយបារម្ភយ៉ាងខ្លាំង” លើអ្វីដែលខ្លួនហៅថា ការបង្ហាញកម្លាំងដោយអ្នកជិតខាងរបស់ខ្លួន។

នាវាទាំងនោះបានធ្វើដំណើរទៅកាន់សមុទ្រចិនខាងកើត បន្ទាប់ពីឆ្លងកាត់ដែនទឹករវាងកោះសំខាន់របស់ខេត្តអូគីណាវ៉ា និងកោះមីយ៉ាកូ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​កប៉ាល់​ចិន និង​រុស្ស៊ី ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឆ្លង​កាត់​តំបន់​នោះ​ជាមួយ​គ្នា។

នាវា​ទាំង​នោះ​ទំនង​ជា​បាន​ចូល​រួម ​ក្នុង​ការ​ល្បាត​រួម​របស់​ចិន និង​រុស្ស៊ី ​ដែល​បាន​ធ្វើ​នៅ​មហាសមុទ្រ ​ប៉ាស៊ីហ្វិក​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

យោងតាមមន្ត្រីបានឲ្យដឹងថា ក្រសួងការពារជាតិជប៉ុន ចាត់ទុកសកម្មភាព យោធារួមគ្នាម្តងហើយម្តងទៀត ដោយប្រទេសទាំងពីរនៅជុំវិញប្រទេសជប៉ុនថា “មានគោលបំណងយ៉ាងច្បាស់ ក្នុងការបង្ហាញពីកម្លាំងរបស់ពួកគេប្រឆាំង នឹងប្រទេសរបស់យើង” ។

ក្រសួងក៏បានឲ្យដឹងផងដែរថា ខ្លួនបានបញ្ជូនការព្រួយបារម្ភរបស់ខ្លួនទៅកាន់ប្រទេសចិន និងរុស្ស៊ី តាមរយៈបណ្តាញការទូត “តាមទស្សនៈ នៃសន្តិសុខជាតិ”។

យោងតាមក្រសួង នាវាចិនចំនួន ៦ គ្រឿង ក្នុងចំណោមនោះ ជានាវាពិឃាតមីស៊ីល និងនាវារុស្ស៊ី ៥ គ្រឿង ដែលខ្លះជានាវាពិឃាត ត្រូវបានប្រទះឃើញ នៅចម្ងាយ ២៨០ គីឡូម៉ែត្រ ភាគឦសាននៃកោះអូគីណូតូរិ ភាគខាងត្បូងបំផុតរបស់ប្រទេសជប៉ុន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃអង្គារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top