ព័ត៌មានអន្តរជាតិ

Update៖ ម៉ាឡេស៊ី បើកការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះស្លាប់មនុស្ស១០នាក់

កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតលើគ្រោះថ្នាក់យន្តហោះម៉ាឡេស៊ី កំពុងធ្វើការវិភាគទៅលើឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះ ហៅកាត់ថា (CVR)របស់យន្តហោះធុនស្រាល ដែលបានធ្លាក់ចូលទៅច្រកចូលរដ្ឋធានី ដោយបានធ្វើឲ្យស្លាប់មនុស្សចំនួន៨នាក់ និងអ្នកនៅលើដីចំនួន២នាក់ ។

ខ្សែវីដេអូឃ្លីបបង្ហាញអំពីកន្លែងកើតហេតុឲ្យដឹងថា យន្តហោះ Beechcraft Model 390 បានផ្ទុះឆេះដុំភ្លើង គ្រាដែលយន្តហោះបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅរដ្ឋ Selangor ស្ថិតនៅភាគខាងលិចនៃរដ្ឋធានីកូឡាឡំាពួរដែលមានផ្សែងខ្មៅយ៉ាងក្រាស់ដែលហុយចេញពីកន្លែងកើតហេតុនោះ ។

ប៉ូលិសបានឲ្យដឹងថា មនុស្សទាំងអស់នៅលើយន្តហោះទាំង៨នាក់ ក្នុងនោះមានអ្នកដំណើរចំនួន៦នាក់ និងបុគ្គលិកជើងហោះហើរចំនួន២នាក់ ក៏ដូចជាអ្នកបើកបរចំនួន២នាក់នៅលើផ្លូវបែកជាបួនបានបាត់បង់ជីវិត ។

លោក Anthony Loke រដ្ឋមន្ត្រីដឹកជញ្ជូន បានលើកឡើងនៅថ្ងៃសុក្រនេះថា ឧបករណ៍ថា CVR ដែលត្រូវបានរកឃើញកាលពីយប់ថ្ងៃព្រហស្បតិ៍កំពុងត្រូវបានវិភាគ ហើយឧប្បត្តិហេតុនឹងត្រូវបានស៊ើបអង្កេត ។

ឧបករណ៍ CVR កត់ត្រានូវអ្វីដែលកើតឡើងនៅក្នុងកាប៊ីនយន្ដហោះ រួមទាំងការសន្ទនាចុងក្រោយរបស់អ្នកបើកយន្តហោះ និងសំឡេងផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top