ព័ត៌មានអន្តរជាតិ

មន្ត្រីរដ្ឋបាលលោក បៃដិន ដាក់ការសង្ស័យពីអត្ថប្រយោជន៍ នៃការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីមៀ

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ទូរទស្សន៍អាមេរិក មួយបានរាយការណ៍ថា ការសម្រេចចិត្តរបស់យោធាអ៊ុយក្រែន ក្នុងការវាយប្រហារគោលដៅនៅលើឧបទ្វីបគ្រីមៀ កំពុងត្រូវបានយល់ឃើញជាមួយនឹងការសង្ស័យដោយមន្ត្រីជាច្រើន នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នៅពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្តបង្កើនការវាយប្រហាររបស់ពួកគេទៅលើគ្រីមៀ ក្នុងការប៉ុនប៉ងរំខានដល់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់យោធារបស់រុស្ស៊ី មន្ត្រីមួយចំនួនមកពីរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបង្ហាញការងឿងឆ្ងល់អំពីអត្ថប្រយោជន៍នៃគំនិតផ្តួចផ្តើមបែបនេះ។

ការកំណត់គោលដៅនៅលើឧបទ្វីបគ្រីមៀ ត្រូវបានគេមើលឃើញថា ជាការរំខាន និងខ្ជះខ្ជាយធនធានដ៏មានតម្លៃ នៅពេលដែលអ៊ុយក្រែន បានពង្រីកអ័ក្សប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង ដោយមន្ត្រីរូបនេះបានបន្ថែមថា ទោះបីជាយោធារុស្ស៊ី បានរងផលប៉ះពាល់បន្តិចបន្តួចក៏ដោយ ប៉ុន្តែការវាយប្រហារមិនបានផ្លាស់ប្តូរយ៉ាងដាច់ខាតនូវស្ថានការណ៍នៅជួរមុខ។

របាយការណ៍បានបន្ថែមថា ការវាយប្រហារនៅលើឧបទ្វីប គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រវាយលុករបស់អ៊ុយក្រែន ប៉ុន្តែដោយសារលក្ខណៈនៃការវាយប្រហារនាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការលំបាកក្នុងការវាយតម្លៃពីផលប៉ះពាល់ ដែលខ្លួនកំពុងមានលើកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការទប់ស្កាត់ប្រតិបត្តិការវាយលុករបស់ទីក្រុងគៀវ។

ទីភ្នាក់ងារនេះបានបន្ថែមថា សហរដ្ឋអាមេរិក មិនបានណែនាំយ៉ាងសកម្មឱ្យអ៊ុយក្រែន វាយប្រហារនៅឧបទ្វីបគ្រីមៀ នោះទេ ដោយបញ្ជាក់ថា ការបញ្ឈប់ការវាយលុកកាន់តែយូរ ឱកាស នៃការបរាជ័យកាន់តែខ្ពស់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top