ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​ទុកពេល ៣០ថ្ងៃឱ្យម្ចាស់ទីតាំងបញ្ចាំទាំងអស់ មកបំពេញបែបបទ ស្នើសុំលិខិតអនុញ្ញាត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាស ឲ្យម្ចាស់អាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹងការងារគ្រប់គ្រង ទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យ ទីតាំងអាជីវកម្មបញ្ចាំ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើន មានលិខិតអនុញ្ញាតត្រឹមត្រូវ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬ ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តទីតាំងខ្លះ លិខិតអនុញ្ញាត​ទីតាំង​អាជីវកម្ម ផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង អាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានពិនិត្យឃើញថា ទីតាំងអាជីវកម្មមួយចំនួន បានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមានលិខិតស្នាមច្បាស់លាស់។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ដើម្បីចូលរួមអនុវត្តគោលនយោបាយ​ ភូមិ-សង្កាត់ មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង កាត់បន្ថយបទល្មើសផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹង និងណែនាំដល់លោក-លោកស្រី ម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាត ទីតាំងអាជីវកម្មផុតសុពលភាព និង ពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្ម ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់​ បិទទីតាំងអាជីវកម្ម ដែលផុតសុពលភាព និងពុំមាន លិខិតអនុញ្ញាតមិនឱ្យធ្វើអាជីវកម្ម៕

To Top