ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋនៅ ស្រុក ស្ទឹងត្រង់ អាចបង្កើន មុខរបរ បន្ទាប់ពីស្ពាន ឆ្លងកាត់ ទន្លេសាងសង់ រួចជាស្ថាពរ

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា ប្រជា ពលរដ្ឋនៅក្នុងស្រុក ស្ទឹងត្រង់ អាចបង្កើនមុខរបរទទួលទាន និងបង្កើន ជីវភាពគ្រួ សារបានធូរធារមួយកម្រិតទៀត បន្ទាប់ ពីស្ពានឆ្លងកាត់ ទន្លេ បានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃ ខាងមុខនេះ ។ 

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធ ឧប្បដ្ឋានសាលា នៅវត្តមេសររារាម នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈឆ្នាំ ២០២០ ស្ថិតក្នុងឃុំស្រែវាល ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានបន្តថា ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាពនេះ ការអភិវឌ្ឍរីកចម្រើនមានសមិទ្ធផលជាច្រើន បានកើតឡើង នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជានៅតាមបណ្ដាស្រុកផ្សេងៗទៀត ក្នុងខេត្តកំពង់ ចាមយើងផងដែរ ។ ជាពិសេស សមិទ្ធ ផលដែលកំពុងលេចធ្លោ នៅក្នុងស្រុកស្ទឹងត្រង់ គឺស្ពានមួយខ្សែ សាងសង់ ឆ្លង កាត់ទន្លេមេគង្គពីស្រុកស្ទឹងត្រង់ ទៅ កាន់ស្រុកក្រូចឆ្មារ  ដែលជាស្ពានប្រវត្តិសាស្ត្រ គឺសាងសង់បាន ៧០ ភាគរយហើយ មិន យូរប៉ុន្មាន បន្ទាប់ពីស្ពាននេះសាងសង់រួច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងចុះមកសម្ពោធដាក់ឱ្យប្រើប្រាស់ សម្រាប់ជាប្រយោជន៍ យ៉ាងសន្ធឹកសន្ធាប់ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ ធ្វើចរាចរលើស្ពានមួយនេះ ។ 

លោកអភិបាលខេត្តបានបញ្ជាក់ថា ទៅថ្ងៃមុខ ស្រុកស្ទឹងត្រង់ គឺជាទីប្រជុំជន ចំណុចកណ្ដាលមួយ ដែលអាចបង្កើនមុខរបរយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះរកទទួលទាន ដោយ ហេតុថា បន្ទាប់ពីស្ពានមួយខ្សែបានសាង សង់និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវ ការនោះ អ្នកដំណើរដែលមានទិសដៅចេញពីភ្នំពេញ ឬពីបណ្ដាខេត្តផ្សេងៗ ឆ្ពោះទៅកាន់ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីជាដើម គឺបានឆ្លងកាត់នៅចំណុចស្ពាន ស្រុកស្ទឹងត្រង់នេះ ។ ដូច្នេះ ភាពអ៊ូអរនៃអ្នកដំណើរ និងភ្ញៀវទេសចរ អាចជាបច្ច័យ នាំឲ្យអ្នកស្រុកស្ទឹងត្រង់និងអ្នកស្រុកក្រូចឆ្មារ បង្កើនមុខរបររកទទួល ទាន រកភាពរីកចម្រើននៅក្នុងគ្រួសារ ឲ្យមានជីវភាពធូរធារឡើងមួយកម្រិតទៀត ។

លោកអ៊ុន ចាន់ដា ក៏បានថ្លែងឱ្យដឹងដែរថា  ឧប្បដ្ឋានសាលាមួយខ្នងមានទំហំ ទទឹងប្រវែង ២៣ម៉ែត្រ បណ្ដោយប្រវែង ៣៤ ម៉ែត្រ កំពស់ ១៥ ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់អស់ ៣៣៥.០០០ ដុល្លារអាមេរិក ដែលថវិកានេះបានមកពីសប្បុរសជននានាទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមនឹងថវិកា ចូលរួមកសាងពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មួយចំនួនផងដែរ ។ 

លោកអភិបាលខេត្តបានបន្តថា សំណង់ឧប្បដ្ឋានសាលាដ៏ធំនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ហើយក៏ជាសមិទ្ធផលថ្មី ក្នុងបណ្ដាលសមិទ្ធផលជាច្រើននៅ តាមទីអារាមនានាក្នុងខេត្តកំពង់ចាម ។ ម្យ៉ាង វិញទៀត សមិទ្ធផលដែលបានកសាងអស់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ  បានមកពីការរួមសាមគ្គីមូលមតិគ្នា កសាងឧប្បដ្ឋានសាលានេះឡើង សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ប្រើប្រាស់ជាប្រយោជន៍ ទៅតាមគន្លងព្រះពុទ្ធសាសនា ។

To Top