ព័ត៌មានជាតិ

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាពិតជាចង់បាន ទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា

ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ទៅប្រតិភូអាមេរិកថា កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឲ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។

ក្នុងជាមួយប្រតិភូព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក នាថ្ងៃ២៨ សីហា កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការបំពេញទស្សនកិច្ច របស់គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិកមកកាន់កម្ពុជាដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-អាមេរិក។

នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិកដែលកន្លងមក បានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានោះលោក អាឡិច ខានស៍ បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា ៕

To Top