ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ចោទប្រកាន់​អតីត​បុគ្គលិក ​ស្ថាន​កុងស៊ុល​អាមេរិក ​ពី​បទ​ចារកម្ម

រូបភាពពី៖​ AFP

ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា ខ្លួនបានចោទប្រកាន់អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់ពីបទធ្វើចារកម្មលើព័ត៌មានអំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។

FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “បញ្ឈប់សកម្មភាពខុសច្បាប់” របស់អ្នកផ្តល់ព័ត៌មានរបស់ស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ លើលោក Robert Shonov ដែលជាអតីតបុគ្គលិកនៅស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងវ្លាឌីស្ដុក ។

លោក Shonov ត្រូវបានគេចោទប្រកាន់ថា បានប្រមូលព័ត៌មានសម្រាប់ស្ថានទូតអាមេរិក អំពីដំណើរនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន រួមទាំងដំណើរការចល័តនៅក្នុងតំបន់របស់រុស្ស៊ី និងលើ “ទិដ្ឋភាពបញ្ហា” ដែលអាចជំរុញមនោសញ្ចេតនាតវ៉ា នៅក្នុងប្រទេសមុនការបោះឆ្នោតប្រធានាធិបតី។

FSB បានចោទប្រកាន់លោក Shonov ពីបទប្រព្រឹត្តបទឧក្រិដ្ឋតាមមាត្រា ២៧៥.១នៃក្រមព្រហ្មទណ្ឌរុស្ស៊ី ដែលដាក់ទណ្ឌកម្មលើកិច្ចសហប្រតិបត្តិការលើមូលដ្ឋានសម្ងាត់ជាមួយរដ្ឋបរទេស។

ប្រភពបានឲ្យដឹងទៀតថាលោក Shonov បានបញ្ជូនព័ត៌មានទៅអ្នកការទូតអាមេរិក ពីរនាក់ ដែលធ្វើការនៅនាយកដ្ឋាននយោបាយ​ នៃស្ថានទូតដោយបន្ថែមថា ពួកគេនឹងត្រូវបានសាកសួរជាផ្នែក នៃការស៊ើបអង្កេត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top