ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានរៀបចំព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនៅលើកោះ ដែលមានជម្លោះជាមួយប្រទេសជប៉ុន ដើម្បីរំលឹកដល់ជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនលើប្រទេសនេះបន្ទាប់ពីបានផ្លាស់ប្តូរឈ្មោះនៃខួបនេះ ដើម្បីបញ្ចូលឃ្លាថា “ជប៉ុន យោធានិយម” ។
ទាហានបានដង្ហែក្បួននៅលើកោះ Etorofu នៅភាគខាងជើងប្រទេសជប៉ុន ខណៈពេលដែលផ្កាត្រូវបានគេផ្តល់ជូនដល់ទាហានសូវៀត ដែលបានពលីនៅលើកោះ Kunashiri និង Shikotan។ ហ្វូងមនុស្សក៏បានប្រមូលផ្តុំគ្នានៅឯការតាំងពិពណ៌អាវុធនៅលើកោះ Etorofu ដែលបង្ហាញពីរថក្រោះ និងគ្រាប់រ៉ុក្កែតជាច្រើន។
នៅ Yuzhno-Sakhalinsk រដ្ឋធានីនៃតំបន់ Sakhalin ដែលមានយុត្តាធិការលើក្រុមកោះនេះ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានសន្យាថាប្រទេសនេះ នឹងសម្រេចបានជ័យជំនះក្នុងសង្គ្រាម ដែលកំពុងបន្តរបស់ខ្លួនលើអ៊ុយក្រែន ដោយបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋស្រដៀងគ្នានឹងកាលពី ៨០ឆ្នាំមុន” ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនា បានចុះហត្ថលេខាលើច្បាប់មួយ ការផ្លាស់ប្តូរឈ្មោះនៃការរំលឹកជ័យជម្នះរបស់ខ្លួនពី “ថ្ងៃនៃការបញ្ចប់សង្គ្រាមលោកលើកទី២” ទៅជា “ទិវាជ័យជំនះលើយោធានិយមជប៉ុន និងការបញ្ចប់សង្រ្គាមលោកលើកទីពីរ” ។ ខួបនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៣ ខែកញ្ញា ជាថ្ងៃបន្ទាប់ពីការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមឆ្នាំ១៩៤៥៕ ប្រែសម្រួល ឈូក បូរ៉ា