ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ជំរុញមន្ទីរខ្លួន ចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយ កាត់បន្ថយប្លាស្ទិក នៅតាមសាលារៀន

រូបភាពពី ក្រសួងបរិស្ថាន

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញមន្ទីរបរិស្ថាន ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍ ដោយចីរភាព។

ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង នាថ្ងៃ៣ កញ្ញា លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត ឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលារៀន ដោយផ្តើមពីសាលារៀនទាំងអស់ នៅក្នុងមូលដ្ឋាននៃស្រុក ឬក្រុងណាមួយឲ្យ មានការប្តេជ្ញាចិត្តចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការរួមចំណែក របស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ទាំងអស់កាត់បន្ថយ និងឈប់ប្រើប្រាស់ប្លាស្ទិក ពី១ថ្ងៃឬ២ថ្ងៃ ក្នុង១សប្តាហ៍ នោះកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានរាប់លានថង់។ ជាមួយគ្នានេះយុទ្ធនាការ នឹងចូលរួមគាំពារសុខុមាលភាព ប្រជាពលរដ្ឋ គុណភាពបរិស្ថានសោភ័ណភាពទីក្រុង និងភូមិឋានឲ្យល្អស្រស់បំព្រងជានិច្ច និងធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍដោយចីរភាព ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក និងបានរៀបចំឡើងស្របតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក និងបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល និងជាពិសេសចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា ប្លាស្ទិកបានក្លាយជាបញ្ហា របស់មនុស្សលោក ។ កម្ពុជា ក៏ប្រឈមនឹងការប្រើប្រាស់ប្លាស្ទិក ដែលត្រូវរួមគ្នាដោះស្រាយ។ ការសិក្សារបស់មន្រ្តី ជំនាញក្រសួងបរិស្ថាន បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញ និងក្រុងធំៗ ការប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យម៥ ក្នុងម្នាក់។ សម្រាប់ទីប្រជុំជននិងក្រុងតូច និងនៅតាមស្រុកជាមធ្យម ចំនួន៣ ក្នុងម្នាក់។ នៅក្នុងរាជធានីភ្នំពេញ សំរាមដែលបានបញ្ចេញទៅចាក់លើទីលាន ក្នុង១ថ្ងៃ មានចំនួន៣៥០០តោន ក្នុងនោះមានសំណល់ប្លាស្ទិកប្រមាណ២០ភាគរយ ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានដាក់ចេញដោយ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន ចាប់ផ្តើមដំបូងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីសាលារៀន ទាំង៤៤ កន្លែង ដែលមានសិស្សសរុបជាង ១៨០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងសំខាន់ «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង»៕

To Top