ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់សាកល្បង សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅច្រកចេញចូលតែមួយ

" "

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះបានប្រកាសដាក់ឲ្យអនុវត្តសាកល្បង នូវការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ។

ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបានការផ្តល់សេវាសាធារណៈឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់អនុវត្តសាកល្បង ការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ(Online) លើវិស័យចំនួន៤ គឺវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។

" "

ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ(Online) ប្រជាពលរដ្ឋទាំងអស់នៅតែអាច មកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល។

" "

សម្រាប់ប្រជាពលរដ្ឋ មានបំណងចង់ដាក់ពាក្យ ស្នើសុំសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ(Online) ចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ដើម្បីបង្កើតគណនី សម្រាប់ស្នើសុំសេវារដ្ឋបាលទាំង៤វិស័យ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ៕

To Top