ព្រៃវែង ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រៃវែងថ្មី នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលេីកទឹកចិត្តលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងថ្មី ត្រូវប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ ប្រកបដោយគុណធម៌ និងគុណភាព ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាពិសេសបន្តថែរក្សានូវសមិទ្ធផល និងស្នាដៃនានាដែល លោក ជា សុមេធី អតីតអភិបាលខេត្តព្រៃវែង បានបន្សល់ទុក។
ទន្ទឹមនេះ អភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា «អ្វីដែលត្រូវបញ្ជាក់បន្ថែមនៅពេលនេះ នៅត្រង់ថាប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចរួចរាល់ហើយ តាមរយៈការបោះឆ្នោត នៅតែយើងទាំងអស់គ្នា ដែលជាអ្នកបម្រើប្រជាពលរដ្ឋ គឺត្រូវបន្តបម្រើពួកគាត់ ឱ្យបានល្អបំផុត ដោយត្រូវគោរពច្បាប់ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព, បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់លើប្រគល់ជូនក្នុងស្មារតីទទួលខុសត្រូវខ្ពស់, គប្បីឈ្វេងយល់ឱ្យដឹងពីសុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួចដាក់ចេញនូវដំណោះស្រាយសមស្របជូនពួកគាត់។ លើសពីនេះ រាល់ការបំពេញតួនាទីភារកិច្ច គប្បីប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងសម្ដែងសកម្មភាពឱ្យបានសមសួនជាប្រក្រតី ភ្ជាប់នូវឥរិយាបថការងារសមជាមន្រ្តីរាជការសាធារណៈ»។
ក្នុងន័យគិតគូរប្រយោជន៍ជូនប្រជាពលរដ្ឋ អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់អភិបាលខេត្តថ្មី និងថ្នាក់ដឹកនាំគ្រប់លំដាប់ បន្តយកចិត្តទុកដាក់លើបញ្ហាមួយចំនួន រួមមាន បញ្ហាគ្រឿងញៀន, ការផ្តល់សេវាសាធារណៈ, បញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាជម្លោះដីធ្លីក៏ដូចជាជម្លោះនានាប្រចាំថ្ងៃក្នុងមូលដ្ឋាន និង បទល្មើសព្រហ្មទណ្ឌផ្សេងៗគ្រប់កម្រិតគ្រប់ប្រភេទ។
ដើម្បីសម្រេចបាននូវអនុសាសន៍ខាងលើ អភិសន្តិបណ្ឌិត ស សុខា ទទូចដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ត្រូវផ្តល់ការគាំទ្រ និងចូលរួមជាមួយលោកសួន សុម៉ាលីន ដើម្បីរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យើងទាំងអស់គ្នា អភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍គ្រួសារ អភិវឌ្ឍន៍ខេត្តព្រៃវែង និងប្រទេសជាតិឱ្យកាន់តែរុងរឿងថ្កុំថ្កើងជានិរន្តរ៍៕