ព័ត៌មានអន្តរជាតិ

Update ៖ គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ វាយប្រហារប្រទេសម៉ារ៉ុក បណ្តាលឲ្យមានមនុស្សស្លាប់ រហូតដល់ជិត ៣០០នាក់ហើយ

ប្រភព ៖ Xinhua

CASABLANCA៖ យោងតាមការផ្សព្វផ្សាយព័ត៌មាន បឋម ដែលបានកែសម្រួលចុងក្រោយ របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មានមនុស្សជិត៣០០នាក់ បានស្លាប់ ក្រោយពីគ្រោះរញ្ជួយដីដ៏ខ្លាំង ក្លាមួយបានវាយប្រហារមកលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ ដោយមានអ្នកស្រុក Marrakesh បានរាយការណ៍មកថា “ការស្រែកយ៉ាងរំពង ដែលមិនអាចទ្រាំទ្របាន” បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រកើតឡើង ។

ក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមរបាយការណ៍ បណ្តោះអាសន្នពីការរញ្ជួយដី បានសម្លាប់មនុស្សចំនួន២៩៦នាក់នៅក្នុងខេត្ត និង ក្រុង Al-Haouz, Marrakesh, Ouarzazate, Azilal, Chichaoua និង Taroudant” ។ ក្រសួងមហាផ្ទៃបានឲ្យដឹងទៀតថា មានមនុស្សចំនួន១៥៣នាក់ ផ្សេងទៀតបានរងរបួស ។

ក្រសួងក៏បានជំរុញ ឱ្យមានភាពស្ងប់ស្ងាត់ ហើយបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានវាយប្រហារ មកលើខេត្ត Al Haouz, Ouarzazate, Marrakesh, Azilal, Chichaoua និង Taroudant ផងដែរ ។

អ្នកស្រុក Marrakesh ដែលជាទីក្រុងធំដែលនៅជិតបំផុត ទៅនឹងចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ បានឲ្យដឹងថា អគារមួយចំនួនបានដួលរលំ នៅក្នុងទីក្រុងចាស់ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ហើយទូរទស្សន៍ក្នុងស្រុក បានបង្ហាញអំពីរូបភាព នៃវិហារឥស្លាមដែលដួលរលំជាមួយនឹងកម្ទេចថ្ម ដែលរលំមកទើរនៅលើរថយន្ត ដែលត្រូវបានកម្ទេច ។

បណ្តាញព័ត៌មាន Pan-Arab al-Arabiya បានរាយការណ៍ឲ្យដឹងថា មនុស្សចំនួន៥នាក់ បានបាត់បង់ជីវិតដោយមកពីគ្រួសារមួយ ដែលបានដកស្រង់ប្រភពក្នុងស្រុក ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់យ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top