ព័ត៌មានជាតិ

កម្ពុជា នាំចេញអន្ទង់ និងកំពឹសទឹកសាប បង្កក១០តោន ទៅទីផ្សារចិន លើកដំបូង

រូបភាពក្រសួងកសិកម្ម

ភ្នំពេញ ៖ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទរ និងថ្លែងអំណរគុណ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ដែលបានប្រមូលទិញ ផលិតផលជលផលធម្មជាតិ ពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញ ផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង ក្នុងបរិមាណ១០តោន កាលពីថ្ងៃទី១៤ កញ្ញា ។

ការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ ចំណែក ផលិតផលជលផល ដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។

បើតាមលោកស្រីអ្នកនាំពាក្យ ការនាំចេញជើងដំបូងនេះ ជាជោគជ័យ មួយជំហាន និងថានៅមានការងារច្រើនទៀត ដែលត្រូវធ្វើ ។
ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សាគុណភាព ស្របតាមស្តង់ដារ អនាម័យ និងភូតគាមអនាម័យ កំណត់ដោយ រដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរ នៅតែអាចនាំចូលទៅកាន់ទីផ្សារចិនបាន។

ចំណែក ការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីក តម្រូវការរបស់អតិថិជន នៅលើទីផ្សារចិន។ នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផល ពីកម្ពុជាទៅកាន់ចិននឹងមានកំណើន។ ដោយឡែក វារីវប្បករអ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។

តាមរយៈការជំរុញការនាំចេញ ផលិតផលជលផលខ្មែរ ទៅកាន់ទីផ្សារចិន នេះ ក្រសួងសង្ឃឹមថា នឹងអាចជួយបង្កើនជីវភាព ពលរដ្ឋ វារីវប្បករនៅស្រុកខ្មែរឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើន សេដ្ឋកិច្ចជាតិផងដែរ ៕

To Top