ព័ត៌មានជាតិ

លោក វន់ ពៅ ៖ ផ្អាកផ្តល់សេវារដ្ឋបាល​ មួយចំនួនដល់អ្នកលក់តូចតាច ធ្វើឲ្យចំណេញពេល មិនចំណាយថ្លៃសេវា និងបង់ពន្ធ

រូបភាពពីលោក វន់ ពៅ

ភ្នំពេញ ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)លោក វន់ ពៅ បានអបអរសាទរ ចំពោះ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញ បែបបទធ្វើអាជីវកម្ម ក្នុងមុខរបរ និងការងារ តូចតាចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្វើឲ្យពួកគាត់ជាអ្នកលក់ទទួលផលវិជ្ជមានពីការចំណេញ ពេលវេលា មិនចំណាយថ្លៃសេវា និងការបង់ពន្ធជាដើម ប៉ុន្តែស្របពេលទទួលផលវិជ្ជមាននេះ ក៏ផលអវិជ្ជមានមកអមជាមួយដែរ ។

លោក វន់ ពៅ តាមរយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកបង្ហាញពីផលវិជ្ជមានថា ធ្វើឲ្យប្រជាពលរដ្ឋ មិនចំណាយ ពេលវេលាក្នុងការចុះបញ្ជី ចំណាយថ្លៃសេវាកម្ម ការបង់ពន្ធ តាមច្បាប់តម្រូវ ឬកាត្វកិច្ចមួយចំនួន , ការប្រកបមុខរបរតាមបែបធម្មជាតិ និងវប្បធម៌មិនសូវព្រួយបារម្ភ លើលក្ខណៈរដ្ឋបាល , បន្តប្រកបមុខរបរទៅតាមស្ថាន ភាពធម្មតា និងចរចាតាមទំលាប់ ។ លោកថា ” នេះជាវិជ្ជមានមួយ ដើម្បីជួយសម្រួល ក្នុងការចំណាយ ប្រាក់បង់សេវា ក៏ដូចជាការបង់ពន្ធជាដើម សម្រាប់ពួកគាត់រក្សាថេរនូវប្រាក់ចំណូល ទោះបីជាប្រាក់ចំណូលធ្លាក់ចុះតិចតួចក៏ដោយ”។

ចំណែក ផលអវិជ្ជមានវិញលោកអះអាងថា ការមិនចុះបញ្ជីមិនមានលក្ខណៈចង ដោយច្បាប់ក្នុងការពារទីតាំង និងមុខរបរច្បាស់លាស់ , ងាយផ្ដល់ទីតាំងដល់អ្នកដទៃ ផ្សេងទៀត មកដណ្ដើម ប្រសិនភាគីនោះបានចុះបញ្ជីមុន ឬប្ដឹង , បាត់បង់សិទ្ធិស្របច្បាប់ ក្នុងការចរចាដោយឈរ លើលក្ខខណ្ឌច្បាប់ទទួលស្គាល់ , បង្កើតឱកាសដល់ជនបរទេស អាចធ្វើការដណ្ដើមប្រកបមុខ របរនេះដោយងាយ , ពិបាកក្នុងការស្នើសុំឲ្យមានការ គាំពារនៅពេលមានការប្រកួតប្រជែងជាមួយទីភ្នាក់មុខរបរធំៗ , មិនអាចផ្ទេរទីតាំងមុខរបរដល់សាច់ញាត្តិគ្រួសារ ឬអ្នកបន្តមុខរបរ និងងាយរងគ្រោះ ឬរងការបណ្តេញចេញពីទីតាំង ប្រសិនករណីប្រើប្រាស់ទីសារធាណៈដោយគ្មានសំណង ឬគោលនយោបាយដោះដូរ ។

សម្រាប់ករណីទាំងអស់នេះ លោក វន់ ពៅក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ៖ លើកទឹកចិត្តឲ្យមានការចុះបញ្ជីតាមគោលការណ៍ស្មគ្រ័ចិត្ត , លើកលែងការបង់ពន្ធប្រថាប់ត្រា ឬថ្លៃសេវាកម្ម , ធ្វើការរៀបចំចុះបញ្ជីបែបសាមញ្ញ និងមិនស្មុគស្មាញ , រៀបចំឲ្យមានជនបង្គោល ឬចងក្រងជាក្រុមសម្រាប់ការចុះបញ្ជី និងអប់រំអំពីសារសំខាន់ស្របច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៣ កញ្ញា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចផ្អាក ការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញ បែបបទធ្វើអាជីវកម្ម ។ ការផ្អាកនេះ ត្រូវសម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលអះអាងថា មានការផ្សព្វផ្សាយ ព័ត៌មានមួយចំនួន ពាក់ព័ន្ធការតម្រូវឲ្យស្នើសុំច្បាប់ អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និងការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

សម្តេច ហ៊ុន ម៉ាណែតក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្ត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕

To Top