បរទេស៖ សារព័ត៌មាន la Repubblica របស់អ៊ីតាលី បានផ្សាយថា យន្តហោះមួយគ្រឿង ក្នុងក្រុមបង្ហាញដែនអាកាស Frecce Tricolori បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅឯមូលដ្ឋានយោធាក្បែរទីក្រុង Turin ដោយបានបណ្តាលឱ្យក្មេងស្រីអាយុ៥ឆ្នាំម្នាក់បានស្លាប់ ពេលយន្តហោះធ្លាក់ទៅបុកនឹងរថយន្តគ្រួសារមួយគ្រឿង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់កាសែត la Repubblicaថា យន្តហោះបានបុករថយន្តដែលគ្រួសារដែលមានមនុស្សជិះ ៤នាក់ ដោយបន្ថែមថា ក្មេងស្រីអាយុ ៥ ឆ្នាំបានស្លាប់ដោយសារការរលាក ហើយក្មេងប្រុសអាយុ ៩ ឆ្នាំ ម្នាក់ទៀតបានរងរបួស។
ក្មេងប្រុសនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងររួមជាមួយឪពុកម្តាយ។ កាសែត La Repubblica បានរាយការណ៍ថាអ្នកបើកយន្តហោះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា