ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គការសហប្រជាជាតិថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវកម្ពុជា មានការប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈវីដេអូ សុន្ទរកថា ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រពេញទំហឹង ការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្តិភាព។ កម្ពុជាមានការប្ដេជ្ញាខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីរួមចំណែកបន្ថែម ដល់ដំណើរការនេះកម្ពុជាបានសម្រេចចិត្ត ឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការ កសាងសន្តិភាព(OCPBC)សម្រាប់អាណត្តិ ២០២៥-២០២៦»។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាស្វាគមន៍គំនិតផ្ដួចផ្ដើម កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានដាក់ចេញដោយ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងពិតជាមានមោទកភាពដែលកម្ពុជា ត្រូវបានជ្រើសរើសចូលរួម ក្នុងចំណោមប្រទេស ដែលមានសក្ដានុពលទាំង១០ ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្រ្គាម ដោះស្រាយឫសគល់នៃជម្លោះ៕

To Top