ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ កញ្ញា លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃការអភិវឌ្ឍដោយចីរភាព។
តាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រ៉ងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើងសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុង ពិភពលោកក្រោយជំងឺកូវីដ-១៩ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជា នៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ទទួលបាន សេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១.១៣៦ និងមន្ទីរពេទ្យចំនួន ១២២។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្ម របស់កម្ពុជានៅក្នុងការបង្ការនិងគ្រប់គ្រងជំងឺ ជាពិសេសការលុបបំបាត់ ជំងឺគ្រុនចាញ់នៅឆ្នាំ២០២០ និងការសម្រេចបាននូវវឌ្ឍនភាព ដ៏គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយ អត្រានៃការឆ្លងមេរោគអេដស៍។ កម្ពុជាកំពុងពង្រឹងប្រព័ន្ធតាមដានជំងឺ ដើម្បីស្វែងរក និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺនានាដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ។
ទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសហការជាមួយបណ្តាប្រទេស ជាសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅរកគោលដៅសុខភាពជាសកល ក្នុងពិភពលោកក្រោយពីជំងឺកូវីដ-១៩។ លោកគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយ ប្រកបដោយភាពស្មើភាព និងវិបុលភាពជាងមុន ៕