បរទេស៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីយប់ថ្ងៃសុក្រ បានធ្វើឱ្យកន្លែងជាច្រើននៅកោះភូកេត ប្រទេសថៃ ស្ថិតនៅក្រោមទឹករហូតដល់មួយម៉ែត្រ រួមទាំងកន្លែងទេសចរណ៍របស់កោះរមណីយដ្ឋាន Patong ផងដែរ។ ផ្លូវមួយចំនួនដូចជា Rat-U-Thit, Nanai និង Sai Nam Yen ក៏ត្រូវបានលិចទឹក និងមិនអាចរថយន្តធ្វើដំណើរបានផងដែរ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យានជំនិះជាច្រើនគ្រឿង ត្រូវបានគេរកឃើញថា បានលិចក្នុងទឹក ខណៈដែលទឹកជំនន់ដ៏ខ្លាំង ក៏បានបំផ្លាញផ្ទះ និងអគារមួយចំនួនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមម៉ោងសារព័ត៌មានផ្សាយ ទឹកជំនន់បានស្រកចុះនៅតំបន់មួយចំនួន ហើយជីវិតកំពុងវិលទៅរកភាពធម្មតាវិញបន្តិចម្តងៗ។
ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត នៅតំបន់ភាគច្រើននៃប្រទេសថៃ នៅថ្ងៃសៅរ៍ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាលផ្នែកខាងក្រោម និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង៕ ប្រែសម្រួលៈ ណៃ តុលា