ព័ត៌មានអន្តរជាតិ

មន្ត្រីស្ថានទូតចិនថា រដ្ឋាភិបាលថៃ នឹងស៊ើបអង្កេតការ បាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ដែលបណ្តាល ឱ្យស្លាប់ជនជាតិចិន ម្នាក់ និងមីយ៉ាន់ម៉ាម្នាក់

បរទេស ៖ មន្ត្រីស្ថានទូតចិន បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលថៃ នឹងស៊ើបអង្កេតការបាញ់ប្រហារ កាលពីល្ងាចថ្ងៃអង្គារនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ហើយនឹងដោះស្រាយ ស្ថានការណ៍ស្របតាមច្បាប់ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីបានដកស្រង់ការសន្ទនា តាមទូរស័ព្ទ រវាងនាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន ជាមួយឯកអគ្គរដ្ឋទូតចិនលោក Han Zhiqiang។

មនុស្សពីរនាក់បានស្លាប់ និង ៥ នាក់ទៀត រងរបួសនៅក្នុងការបាញ់ប្រហារ ដោយជនសង្ស័យអាយុ ១៤ ឆ្នាំ ដែលឥឡូវនេះត្រូវបានឃុំខ្លួន នៅប៉ុស្តិ៍ប៉ូលីស។ អ្នកដែលត្រូវបានគេបាញ់ សម្លាប់នោះរួមមានស្ត្រីទេសចរ ជនជាតិចិនម្នាក់ និងបុគ្គលិកផ្សារ ទំនើបជនជាតិ មីយ៉ាន់ម៉ាម្នាក់។

នៅក្នុងការបង្ហោះ ហ្វេសប៊ុកនៅថ្ងៃពុធ ស្ថានទូតចិនបាននិយាយថា ខ្លួនបានបញ្ជូនមន្ត្រីកុងស៊ុលទៅកាន់ផ្សារទំនើប និងមន្ទីរពេទ្យ ដើម្បីពិនិត្យមើល ស្ថានភាព បន្ទាប់ពីដឹងថាជនជាតិចិនម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួស។ សារបង្ហោះបានសរសេរថា “យើងបានប្រមូលព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នកស្លាប់ និងបានទៅសួរសុខទុក្ខជនរងគ្រោះដែលរងរបួសនៅមន្ទីរពេទ្យ ដែលស្ថានភាពរបស់គាត់ឥឡូវ នេះមានស្ថេរភាព” ។

ស្ថានទូតក៏បានបញ្ជូនបន្តនូវការ ចូលរួមរំលែកទុក្ខរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ទៅកាន់ក្រុមគ្រួសាររបស់ស្ត្រីដែលបានស្លាប់ ដោយបន្ថែមថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស Parnpree Bahiddha-Nukara បានទៅសួរសុខទុក្ខអ្នករបួសនៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ។

ការបង្ហោះនោះបានបន្ថែមថា នៅក្នុងការអំពាវនាវទៅកាន់ឯកអគ្គរដ្ឋទូតកាលពីថ្ងៃអង្គារ ទាំងលោក សេដ្ឋា និងរដ្ឋមន្ត្រីការបរទេសថៃ បានទទូចថា រដ្ឋាភិបាលថៃ នឹងស៊ើបអង្កេតឧប្បត្តិហេតុនេះឱ្យបានឆាប់រហ័ស និងធ្វើការស្របតាមច្បាប់ ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងបង្ហាញពីបរិយាកាសសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top