ព័ត៌មានជាតិ

រដ្ឋ​មន្រ្ដី​ក្រសួងការងារ ជួបសំណេះសំណាលជាមួយសហជីព ស្វែងយល់ពីចក្ខុវិស័យរួមគ្នា លើកកម្ពស់ជីវភាពកម្មករ ដែលជាការយកចិត្តទុកដាក់ ពីសម្តេចធិបតី

ភ្នំពេញ៖ នៅទីស្តីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៥ ខែតុលា​លោក​ ហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលការងារជាមួយសហភាពនិងសហព័ន្ធសហជីពចំនួន២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួមរបស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតដែលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ ជំនួបដ៏មានអត្ថន័យនិងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយជ្រួមជ្រែងនិងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។

សម្រាប់លោករដ្ឋមន្ត្រីភាពសុខុដុមនីយមកម្មក្នុងវិជ្ជាជីវៈកាត់ដេរវាយនភណ្ឌ និងផលិតផលធ្វើដំណើរនេះ ទាមទារឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករនិយោជិតយល់ពីក្របខណ្ឌគតិយុត្តិនិង កាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវបានកំណត់ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។

ជំនួបនេះ គឺជាជំនួបទ្រង់ទ្រាយធំលើកទី១រវាងសហជីពគ្រប់និន្នាការនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសហជីពគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិនិងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិតហើយការនេះតម្រូវឱ្យសហជីពទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាពដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។

បើតាមលោករដ្ឋមន្ត្រីវប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយការជជែកត្រង់ទៅត្រង់មករវាងសហជីពនិងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារនៅកម្ពុជាកាន់តែរឹងមាំនិងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញសម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាគឺជាឋានសួគ៌របស់សហជីពដែលបង្កើតឡើង ដើម្បីការពារប្រយោជន៍ដល់កម្មករ ដែលជាមធ្យមនៅរោងចក្រមួយមានសហជីពមិនតិចជាង៣ផ្សេងគ្នានោះទេ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនងនិងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសជំនួបជាលក្ខណៈដាច់ដោយឡែកនិងជាក្រុមប្រមូលផ្តុំឱ្យបានញឹកញាប់ជាមួយគ្នា។

សូមបញ្ជាក់ថាក្រោយបញ្ចប់ការសំណេះសំណាលសហជីពទាំងអស់បានចូលរួមអាហារសាមគ្គីនិងច្រៀងកំសាន្តយ៉ាងសប្បាយរីករាយជាមួយគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

To Top