ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចង់ឃើញកិច្ចសហការបន្ថែមទៀតរវាង កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពន្លឿនការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញ ទៅមក ដើម្បីប្រយុទ្ធប្រឆាំង អំពើភេរវកម្ម ។
ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ GORO YUASA មេបញ្ជាការកងស្វ័យ ការពារទ័ពជើងគោកជប៉ុន កាលពីថ្ងៃទី២៧ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «(ខ្ញុំ)ចង់ឃើញកិច្ចសហការ ត្រូវបានពង្រីកបន្ថែមទៀត ជាពិសេសរវាង កងទ័ពជើងគោករបស់កម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងលក្ខណៈនៃការប្ដូរព័ត៌មានឲ្យគ្នា ទៅវិញ ទៅមក ការចូលរួមសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យនេះ»។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើឲ្យជប៉ុនគាំទ្ររវាង កិច្ចសហប្រតិបត្តិការកងទ័ពមួកខៀវជប៉ុន និងកងទ័ពមួកខៀវកម្ពុជា ដែលប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ កងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ ព្រមទាំង ស្នើឲ្យជប៉ុនចូលរួមបណ្ដុះបណ្ដាល កងប្រដាប់អាវុធនៅកម្ពុជា ជាពិសេស ទ័ពមួកខៀវកម្ពុជាមុនបញ្ជូនចេញទៅចូលរួមថែរក្សាសន្តិភាព តាមបណ្ដាប្រទេសផ្សេងៗ។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានស្នើសុំជប៉ុន ឲ្យមានការគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដោយសារ មានទីតាំងនៅកម្ពុជា ដែលជាកន្លែងបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះមីន។
សម្ដេច ស្នើឲ្យជប៉ុន ចូលរួមក្នុងការបណ្ដុះបណ្ដាល ទៅដល់កងកម្លាំងកម្ពុជា នៅក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារជប៉ុនមានបទពិសោធន៍ច្រើន ក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយ។
ជាការឆ្លើយតប លោក GORO YUASA នឹងរាយការណ៍នូវសំណើនេះទៅរដ្ឋាភិបាលជប៉ុន ជាពិសេស ជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន។លោកថា ជប៉ុនតែងតែយកចិត្តទុកដាក់ ហើយជប៉ុនចាត់ទុកថា កម្ពុជាគឺជាប្រទេសពិសេស ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការដោះមីន។
លោកបន្ដថា ជប៉ុននឹងពិចារណា ក្នុងការជួយដល់កងទ័ពមួកខៀវកម្ពុជា ក្នុងការបណ្ដុះបណ្ដាលមុននឹងចេញទៅក្រៅប្រទេស ។ហើយពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយ លោកក៏មានគោលបំណង ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងគោកកម្ពុជាផងដែរ៕
ដោយ ៖ អេង ប៊ូឆេង