បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានត្រៀមជើងហោះហើរចំនួន ៣២ ដើម្បីនាំពលករថៃប្រមាណ ៥.៧០០ នាក់ ពីប្រទេសអ៊ីស្រាអែលមកវិញក្នុងខែតុលានេះ។
យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលឆ្លើយតបរហ័សនៅក្រសួងការបរទេស ដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា កិច្ចប្រជុំផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសពលករថៃ ហើយវាបានដោះស្រាយថា ជើងហោះហើរទាំង ៣២ គួរតែគ្រប់គ្រាន់ដើម្បីដឹកជនជាតិថៃចំនួន ៥.៧០០ នាក់ ត្រឡប់ពីអ៊ីស្រាអែលវិញមុនដំណាច់ខែនេះ។ ទោះជាយ៉ាងនេះក្តី វានៅតែមិនគ្រប់គ្រាន់ក្នុងការនាំយកពលករថៃចំនួន ៧.៥០០នាក់ ដែលបានចុះឈ្មោះឱ្យត្រឡប់ទៅវិញនោះទេ។
ជើងហោះហើរចំនួន ៣២ ដែលត្រូវបានរៀបចំនោះរួមមាន យន្តហោះ Nok Air, Thai AirAsia និង SpiceJet របស់ឥណ្ឌា។
លោកនាយករដ្ឋមន្រ្តីថៃបន្ថែមថា មជ្ឈមណ្ឌលរំពឹងថា ចំនួនពលករថៃដែលចង់ត្រឡប់មកស្រុកវិញនឹងកើនឡើង។
នាយករដ្ឋមន្ត្រីបានបន្តថា ជើងហោះហើរមួយចំនួននឹងមិនឈប់ពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងបាងកក ខណៈដែលជើងហោះហើរផ្សេងទៀតនឹងឆ្លងកាត់ទីក្រុងឌូបៃ ហ្ស៊កដានី ឬ ប្រទេសស៊ីប។
លោក សេដ្ឋា បាននិយាយថា មជ្ឈមណ្ឌលបានពិចារណាប្រើប្រាស់យន្តហោះ ប្រភេទ Airbus A380 ដែលមានពីរជាន់ ហើយអាចហោះហើរដឹកអ្នកដំណើរបានរហូតដល់ ៥០០ នាក់ក្នុងមួយលើក។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានដាស់តឿនថា យន្តហោះ A380 ត្រូវបានចតទុកចោលដោយមិនបានប្រើប្រាស់អស់រយៈពេលជាយូរ ហើយនឹងត្រូវការការថែទាំមុនពេលវាអាចហោះហើរបាន។
លោកសេដ្ឋាបានបន្ថែមថា ស្ថានទូតថៃប្រចាំទីក្រុង តែលអាវែវ កំពុងដុតដៃដុតជើងដើម្បីព្យាយាមនាំជនជាតិថៃប្រមាណ ៤០០ នាក់ទៅកាន់ជម្រកដែលបានរៀបចំ។ លោកបន្ថែមទៀតថា រដ្ឋាភិបាលថៃបាននិងកំពុងប្រើប្រាស់គ្រប់បណ្តាញការទូត ភ្នាក់ងារស៊ើបការណ៍សម្ងាត់ ទំនាក់ទំនងយោធា ក៏ដូចជាទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាការដោះលែងចំណាប់ខ្មាំងថៃទាំង ១៧ នាក់។
ក្រសួងការបរទេសថៃក៏បាននិងកំពុងចរចាជាមួយប៉ាឡេស្ទីន និងអ៊ីស្រាអែលផងដែរ ដើម្បីស្វែងរកការដោះលែងជនជាតិថៃទាំង ១៧នាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រែសម្រួលៈ ណៃ តុលា