បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី បានព្រមានកាលពីថ្ងៃចន្ទថា ផ្កាយរណបអវកាសលោកខាងលិចបច្ចុប្បន្នកំពុងត្រូវបានប្រើដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនអាចក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ីនាពេលខាងមុខ។
យោងតាមការចេញផ្សាយរបស់ RT នាយកសម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសលោក Vladimir Ermakov បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជួយអ៊ុយក្រែនក្នុងវិធីដែល ហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលគ្មានគ្រោះថ្នាក់។
លោក Ermakov បាននិយាយទៀត៖ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនបានដឹងច្បាស់ថាសកម្មភាពបែបនេះពិតជាមានការចូលរួមដោយប្រយោលនៅក្នុងជម្លោះប្រដាប់អាវុធនោះទេ។
ក្រៅពីនេះលោកបានព្រមានថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពាក់កណ្តាល របស់លោកខាងលិចនៅក្នុងលំហអាច ក្លាយជាគោលដៅនៃការវាយប្រហារសងសឹករបស់រុស្សីជាមិនខាន។
គួរឲ្យដឹងដែរថាមូលនិធិសម្រាប់សេវាកម្មរូបភាពផ្កាយរណបពាណិជ្ជកម្មត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ជំនួយយោធាចំនួន១,២ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែនដែលត្រូវបានអនុម័តនៅក្នុងខែឧសភា។ រូបភាពដែលទទួលបានពីផ្កាយរណបពាណិជ្ជកម្ម ត្រូវបានគេជឿថាត្រូវបានប្រើប្រាស់ដោយទីក្រុងគៀវ ដើម្បីបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុង Sevastopol របស់រុស្សីក្នុង Crimea កាលពីខែមុន៕ ប្រែសម្រួល៖ស៊ុនលី