ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា អរគុណការគាំទ្រ ចំពោះកិច្ចចរចាផ្សះផ្សាជាតិ និងការដកផ្នែកខ្លះនៃទណ្ឌកម្មរបស់អាមេរិក

AFP

ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានថ្លែងអំណរគុណចំពោះការគាំទ្រអន្តរជាតិ ចំពោះវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងកិច្ចចរចាផ្សះផ្សាជាតិរបស់ប្រទេសវេណេស៊ុយអេឡា និងការផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។

លោក Gil បានសរសេរនៅលើបណ្ដាញTwitter ថា “យើងស្វាគមន៍ចំពោះសារនៃការគាំទ្រដែលមករកយើងពី ប្រទេសរុស្ស៊ី ដោយយោងទៅលើការបន្តការសន្ទនា និងសិទ្ធិនៃប្រទេសរបស់យើងក្នុងការរស់នៅដោយមិនមានការជ្រៀតជ្រែកពីបរទេស ការគំរាមកំហែង និងការដាក់ទណ្ឌកម្មឯកតោភាគី” ។

ឆ្លើយតបទៅនឹងការអបអរសាទររបស់ម៉ិកស៊ិកចំពោះវឌ្ឍនភាពនេះ លោក Gil បានគូសបញ្ជាក់នៅក្នុងប្រកាសមួយទៀតអំពី “តួនាទីដ៏សំខាន់របស់ម៉ិកស៊ិក ជាអ្នកធានាដំណើរការកិច្ចសន្ទនា” រវាងរដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមប្រឆាំង។

អរគុណអាហ្សង់ទីនសម្រាប់សារនៃការគាំទ្ររបស់ខ្លួន លោក Gil បានលើកឡើងថា រដ្ឋាភិបាលវេណេស៊ុយអេឡា “ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាស្ថិរភាពនយោបាយ”។

លោក Gil ក៏បានសម្តែងការដឹងគុណ ចំពោះប្រទេសបូលីវី និងគុយបាផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីវ៉េណេស៊ុយអេឡា  បានសរសេរសារថ្លែងអំណរគុណរួចហើយកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប្រទេសប្រេស៊ីល និងកូឡុំប៊ី ទាក់ទងនឹងសារគាំទ្រដាច់ដោយឡែករបស់ពួកគេ។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងផ្នែកមួយនៃក្រុមប្រឆាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផ្នែកនៅ Barbados ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន ការបោះឆ្នោត និងការរួមរស់នយោបាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top