គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រី Denys Shmyhal ថារដ្ឋាភិបាលអ៊ុយក្រែនបានចំណាយច្រើនជាង ២៨ ពាន់លានដុល្លារអាមេរិក ដើម្បីគ្របដណ្តប់តម្រូវការការពារជាតិរបស់ប្រទេសនៅឆ្នាំនេះ។
លោក Shmyhal បានលើកឡើងថា ក្នុងចំណោមចំនួនសរុប ៦៨២ពាន់លាន hryvnias (១៨,៦៦ ពាន់លានដុល្លារ) ត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់ប្រាក់ខែដល់បុគ្គលិកយោធា ហើយ ៣៤៩ពាន់លាន hryvnias (៩,៥៥ពាន់លានដុល្លារ) ទិញឧបករណ៍យោធា ពាសដែក គ្រាប់រំសេវ និងផលិតផលឧស្សាហកម្មការពារជាតិផ្សេងទៀត។
លោកបានបន្ដថា វិស័យការពារជាតិគឺជាអាទិភាពថវិការបស់អ៊ុយក្រែនក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ បន្ទាប់មកគឺកម្មវិធីសង្គម និងការថែទាំសុខភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Shmyhal បានបន្ថែមថានៅឆ្នាំក្រោយ អ៊ុយក្រែន នឹងដឹកនាំ “ធនធានដែលអាចមានទាំងអស់” ដើម្បីគាំទ្រដល់កងកម្លាំងការពារ និងសន្តិសុខរបស់ខ្លួន។
សេចក្តីព្រាងថវិការបស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២4 ប៉ាន់ស្មានថានៅឆ្នាំក្រោយប្រទេសនេះនឹងបែងចែកយ៉ាងហោចណាស់ ១,៦៩ ពាន់ពាន់លាន hryvnias (៤៦ ពាន់លានដុល្លារ) ឬ ២១,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន សម្រាប់វិស័យការពារជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា