ព័ត៌មានអន្តរជាតិ

៧៣ ឆ្នាំហើយ យើង នឹងចងចាំជាដរាប!

ថ្ងៃនេះគឺជាថ្ងៃទី ២៥ ខែតុលា ជាថ្ងៃដែលប្រជាជនចិនគ្រប់រូបត្រូវចងចាំ។ នៅថ្ងៃទី ២៥ ខែតុលាឆ្នាំ១៩៥០ កងទ័ពស្ម័គ្រចិត្តប្រជាជនចិនបានចេញទៅប្រយុទ្ធនៅកូរ៉េខាងជើង ហើយនាំមកវិញនូវ ជ័យជម្នះជាទីមោទនភាព ពួកគេបានចាប់ ផ្តើមធ្វើសង្រ្គាមជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក។ ក្រោយមក ថ្ងៃនេះត្រូវបានគេកំណត់ថាជាទិវារំលឹកខួបជ័យជម្នះ សង្គ្រាមមួយនេះ ។

សង្គ្រាមស៊ីវិលកូរ៉េបានផ្ទុះឡើងនៅខែមិថុនាឆ្នាំ១៩៥០ ហើយសហរដ្ឋអាមេរិកបានឆ្លៀតឱកាសធ្វើសង្រ្គាមវាយលុកកូរ៉េខាងជើង។ ដោយមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតពីរដ្ឋាភិបាលចិន យោធាអាមេរិកបានឆ្លងកាត់ “ប៉ារ៉ាឡែលទី ៣៨” យ៉ាងគឃ្លើន ភ្លើងសង្រ្គាមបានរាលដាលទៅដល់ព្រំដែនរវាងចិន និងកូរ៉េខាងជើង។ ក្នុងខណៈពេលដ៏សែនគ្រោះថ្នាក់នេះ គណបក្សនិងរដ្ឋាភិបាលកូរ៉េខាងជើងបានស្នើឱ្យចិនបញ្ជូនកងទ័ពទៅជួយកូរ៉េខាងជើង។ ប្រឈមនឹងស្ថានការណ៍បន្ទាន់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ពោលគឺជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក និងការពារមាតុភូមិ។

នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ១៩៥០ កងទ័ពស្ម័គ្រចិត្តប្រជាជនចិន បានចាកចេញ ពីស្រុកកំណើត ហើយទៅប្រយុទ្ធនៅកូរ៉េខាងជើង។ នេះគឺជាសង្រ្គាមដែលមានភាពខុសគ្នាខ្លាំងរវាងកម្លាំងនៃភាគីសង្រ្គាម បន្ទាប់ពីអស់រយៈពេល២ឆ្នាំ៩ខែនៃការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ កងទ័ពចិននិងកូរ៉េខាងជើងបានយកឈ្នះលើអាមេរិក ហើយបង្ខំឱ្យពួកឈ្លានពានដ៏ក្អេងក្អាងទាំងនោះចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមនៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ១៩៥៣។

ជ័យជម្នះដ៏អស្ចារ្យ នៃសង្គ្រាមជួយកូរ៉ខាងជើង ប្រឆាំងនឹងការឈ្លានពានរបស់ សហរដ្ឋ អាមេរិក គឺជាការប្រកាសថាប្រជាជនចិនបានក្រោកឈរឡើងនិងឈរ យ៉ាងរឹងមាំនៅលោកខាងកើតនៃពិភពលោក វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រជាជាតិចិនដើរឆ្ពោះទៅរកការស្តារឡើងវិញដ៏មហិមា ដែលប្រកបដោយសារៈ សំខាន់ និងវែងឆ្ងាយសម្រាប់ប្រទេសចិន និងពិភពលោក។ សង្គ្រាមនេះបានធ្វើ ឱ្យប្រទេសមានសុខសុវត្ថិភាព សង្គ្រាមនេះបានបង្ហាញពីស្មារតីរបស់ប្រជាជនចិន ដែលធ្វើឱ្យសហគមន៍អន្តរជាតិសម្លឹងមើលប្រទេសចិនដោយការកោត សរសើរ ។ សង្គ្រាមនេះបានបញ្ជាក់ម្តងទៀតថា សច្ចភាពចាំបាច់ទទួលជ័យជម្នះ សន្តិភាព ចាំបាច់ទទួលជ័យជម្នះ។


សង្រ្គាមជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក គឺ ជាសង្រ្គាមដ៏អស្ចារ្យមួយដែលទទួលបានជ័យជម្នះជាមួយនឹងវីរភាពដ៏អស្ចារ្យ។ យើងមិនអាចបំភ្លេចបានទេថា ទាហាន Qiu Shaoyun ត្រូវបានវាយប្រហារដោយ គ្រាប់បែកភ្លើងរបស់សត្រូវខណៈពេលដែលកំពុងលាក់ខ្លួននៅក្នុងការប្រយុទ្ធ គាត់បានអត់ទ្រាំនឹងការឈឺចាប់ដ៏ខ្លាំងពេលភ្លើងឆេះខ្លួន ហើយនៅស្ងៀម រហូតដល់ គាត់ពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងអាយុត្រឹម ២៦ ឆ្នាំ។

យើងមិនអាចបំភ្លេចបានទេថា វីរបុរសប្រយុទ្ធដ៏ល្បីឈ្មោះ Huang Jiguang បានលះបង់ជីវិត ដើម្បីបិទរន្ធកាំភ្លើង ដែលបានបើកផ្លូវសម្រាប់កងទ័ពវាយ បក ទៅវិញ។
យើងមិនអាចបំភ្លេចបានទេថា ក្នុងការប្រយុទ្ធលើភ្នំ Shangganling អស់រយៈពេល ៤៣ ថ្ងៃនិងយប់ សត្រូវបានបាញ់កាំភ្លើងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស ជាតិ កំពូលភ្នំត្រូវបានបន្ទាបចុះពីរម៉ែត្រ ប៉ុន្តែទាហានស្ម័គ្រចិត្តបានការពារសមរភូមិយ៉ាងមុតមាំ។

យើងមិនអាចបំភ្លេចបានទេថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏សាហាវនៅបឹង Changjin ទាហានបានលាក់ខ្លួនក្នុងភាពត្រជាក់ខ្លាំងដក ៤០ អង្សាសេ ហើយ នៅតែរក្សាកាយវិកាត្រៀមប្រយុទ្ធបន្ទាប់ពីរងាររហូតដល់ស្លាប់។
យើងមិនអាចបំភ្លេចបានទេថា នៅក្នុងសង្រ្គាមជួយកូរ៉េខាងជើងប្រយុទ្ធនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក កុលបុត្រកុលធីតាជាង ១៩,៧ ម៉ឺន នាក់បានពលីជីវិតដ៏ថ្លៃថ្លារបស់ពួកគេ ដើម្បីជាតិមាតុភូមិ ប្រជាជន និងសន្តិភាព។


ជ័យជំនះដ៏អស្ចារ្យក្នុងសង្គ្រាមជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់ សហរដ្ឋអាមេរិក បានបង្ហាញពីអនុភាពជាតិរបស់ប្រទេសចិនថ្មី និងបានលាត ត្រដាងមុខមាត់ជា “ខ្លាក្រដាស” នៃចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក ភាព អាម៉ាស់មួយរយឆ្នាំរបស់ប្រជាជាតិចិនដែលចេះតែត្រូវអ្នកដទៃធ្វើបាបត្រូវបានលុបបំបាត់ចោល សម័យកាលដែលអ្នកឈ្លានពានលោកខាងលិចប្រើកាណុងបាញ់ ពីរ បីក៏អាចទន្រ្ទានកាន់កាប់ប្រទេសមួយបានរលាយសាបសូន្យទៅហើយ។
ជ័យជំនះដ៏អស្ចារ្យ នៃសង្គ្រាមជួយកូរ៉េខាងជើង ប្រឆាំងនឹងការឈ្លានពានរបស់ សហរដ្ឋអាមេរិក បានបំផុសគំនិតយើងថា ប្រជាជាតិមួយដែលដែលភ្ញាក់ រលឹក ហើយហ៊ានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីភាពរុងរឿង ឯករាជ្យភាពនិង សន្តិសុខនៃមាតុភូមិ គឺមិនអាចយកឈ្នះបានឡើយ។

ពេលវេលាកន្លងផុតទៅ គ្រប់យ៉ាងបានផ្លាស់ប្តូរ។ សព្វថ្ងៃនេះ ប្រទេសចិនមានសន្តិភាព ប្រជាជនមានសុវត្ថិភាពគ្រប់ទីកន្លែង។ យើងគួរចងចាំថាបើគ្មានការខិតខំប្រឹងប្រែង និងការប្រយុទ្ធដោយបង្ហូរឈាមស្រស់របស់បុព្វបុរសទេ ប្រទេសយើងនឹងមិនមានសន្តិភាព និងស្ថិរភាពដូចសព្វថ្ងៃនេះឡើយ។យើងគួរចងចាំថា សន្តិភាពគឺជាលទ្ធផលដែលយើងខិតខំតស៊ូ និងដណ្ដើមយកមក មិនមែនជាលទ្ធផលដែលយើងអត់ទ្រាំ ឬរង់ចាំឡើយ រឹតតែមិនមែនពឹងផ្អែក លើអំណោយទានរបស់អ្នកដទៃទៀត។

យើងគួរជឿទៀតថា កាលពី ៧៣ ឆ្នាំមុន ប្រទេសចិនទន់ខ្សោយ ឯសត្រូវខ្លាំងពូកែ ទោះជាយ៉ាងនេះក្តីក៏ដៃគូសត្រូវមិនអាចយកឈ្នះចិនបានដែរ ៧៣ឆ្នាំក្រោយមក ចិនលែងជាប្រទេសទន់ខ្សោយដូចកាលពីមុនទៀតហើយ បើអ្នកណាបង្កសង្រ្គាមតែផ្ដេសតែផ្ដាសម្ដងទៀត យើងប្រាកដជានឹងប្រយុទ្ធតទល់ហើយយកឈ្នះឱ្យបាន។ ថ្ងៃនេះ ចូរយើងនាំគ្នាចងចាំវីរបុរសស្ម័គ្រចិត្តចំនួន ១៩៧៦៥៣ រូបដែលបាន ពលីជីវិតនៅលើសមរភូមិជួយកូរ៉េខាងជើងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក ហើយរំពឹងថា វីរបុរសទាំងនេះនឹងត្រូវបានចងចាំនិងកោតសរសើរពីមួយ ជំនាន់ទៅមួយជំនាន់។ថ្ងៃនេះ យើងសូមថ្លែងសម្តែងការគោរពចំពោះកងទ័ពស្ម័គ្រចិត្តប្រជាជនចិន សូមសម្តែងការគោរពចំពោះជ័យជម្នះដ៏មហិមាលើកនោះ! អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top