ព័ត៌មានអន្តរជាតិ

Update៖ កិច្ចប្រជុំកំពូលរបស់ EU ផ្តោតសំខាន់ទៅលើជម្លោះរវាងរុស្ស៊ី​ អ៊ុយក្រែន និងអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន

Xinhua

ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា មេដឹកនាំសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានជួបប្រជុំគ្នានៅទីនេះកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបដែលបានគ្រោងទុក ដោយផ្តោតលើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងរវាងអ៊ុយក្រែន និងរុស្ស៊ី ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់មេដឹកនាំប្រជាជាតិទាំង២៧របស់សហភាពអឺរ៉ុបចាប់តាំងពីចលនាតស៊ូឥស្លាមប៉ាឡេស្ទីន ដែលគេស្គាល់ថា ក្រុម (ហាម៉ាស) កាលពីថ្ងៃទី៧ ខែតុលា ដែលបានបាញ់មកលើអ៊ីស្រាអ៊ែលដោយប្រើគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដ៏កម្រមួយ ។ ជាការឆ្លើយតបវិញនោះ ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ហ្គាហ្សា និងដាក់វិធានការដាក់ទណ្ឌកម្ម រួមទាំងការធ្វើឲ្យដាច់ចរន្តអគ្គិសនីផងដែរ ។

អ្នកចូលរួមកិច្ចប្រជុំកំពូលត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាពដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ដែលបានបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងប្លុកនេះអំពីវិធីដោះស្រាយរឿងនេះ ។

លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមុនកិច្ចប្រជុំកំពូលថា “ជម្លោះនៅមជ្ឈិមបូព៌ា គឺជាសោកនាដកម្មមួយ” ដោយបានបន្ថែមថា “ស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្គាហ្សានៅតែបន្តមានការព្រួយបារម្ភយ៉ាងខ្លាំង” ។

លោកបានបញ្ជាក់ថា “ដំបូងឡើយយើងត្រូវពិភាក្សាពីរបៀបដើម្បីធានាឱ្យបានជាបន្ទាន់នូវការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងការទទួលបាននូវតម្រូវការជាមូលដ្ឋានបំផុត ហើយទី២ យើងត្រូវចូលរួមនៅក្នុងរណសិរ្សរួបរួម និងស៊ីសង្វាក់គ្នាជាមួយដៃគូ ដើម្បីជៀសវាងការកើនឡើងក្នុងតំបន់ដ៏គ្រោះថ្នាក់ ។ លើសពីនេះទៅទៀត ការចាប់ផ្ដើមដំណើរការសន្តិភាពឡើងវិញដោយផ្អែកលើដំណោះស្រាយរដ្ឋ២ គឺជាមធ្យោបាយតែមួយគត់ដែលឆ្ពោះទៅមុខ ។ ជាចុងក្រោយ យើងគួរតែដោះស្រាយផលប៉ះពាល់នៃជម្លោះនេះនៅក្នុងសហភាពអឺរ៉ុប នេះបូករួមបញ្ចូលទាំងការមើលឃើញអំពីផលប៉ះពាល់នៃជម្លោះចំពោះភាពស្អិតរមួតនៃសង្គមរបស់យើង សន្តិសុខ និងចលនាចំណាកស្រុក” ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top