ព័ត៌មានអន្តរជាតិ

ពលករជនជាតិថៃ ជាច្រើននាក់ ដែលត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស គឺត្រូវបានគេបាញ់ចំក្បាល

រូបភាពពី៖​ The Nation

បរទេស៖ អ្នកប្រមូលភ័ស្តុតាងធ្វើកោសល្យវិច្ច័យ ក្នុងប្រទេសអ៊ីស្រាអែល បានបង្ហើបឱ្យដឹងថា ពលករជនជាតិថៃជាច្រើននាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស គឺត្រូវបានគេបាញ់ចំក្បាល។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករាយការណ៍ព័ត៌មានមកពីវិទ្យុសំឡេងអាមេរិក (VOA) នៅប្រទេសអ៊ីស្រាអែល បានសម្ភាសមន្ត្រីដែលត្រួតពិនិត្យការកំណត់អត្តសញ្ញាណសាកសពបុគ្គលដែលត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដ៏អាក្រក់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។

ពីកិច្ចសម្ភាសន៍ជាមួយមន្ត្រីអ៊ីស្រាអែលនៅមូលដ្ឋាន Churra បានបង្ហាញឱ្យឃើញថា ពលករថៃដែលបានបាត់បង់ជីវិត និងត្រូវបានបញ្ជូនទៅកាន់ទីតាំងនេះគឺជាកម្មករផ្នែកកសិកម្មសម្រាប់សហគមន៍ក្នុងប្រទេសអ៊ីស្រាអែល ដែលគេស្គាល់ថាជា kibbutzim ។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ នៅតែត្រូវបានមន្ត្រីជំនាញ ដឹកយកទៅពិនិត្យ ជារៀងរាល់ថ្ងៃ បើទោះជាមានការវាយប្រហារ និងសម្លាប់ជនរងគ្រោះ កើតឡើងជាង ២៥ថ្ងៃមកនេះក៏ដោយ។

អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្ស ១.៤០០ នាក់ ហើយសាកសពចំនួន ៨២៦ ត្រូវបានគេកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះ។

Natha Ketz មន្ត្រីនៅមូលដ្ឋាន Churra បានប្រាប់ VOA ថា ក្នុងចំណោមសាកសព មានអ្នកខ្លះជាកម្មករបរទេសមកពីប្រទេសផ្សេងៗ។ លោកបានរៀបរាប់ថា កាលពីសប្តាហ៍មុន លោកបានទទួលសាកសពពលករថៃប្រមាណ ៨ ទៅ ១០នាក់ ដែលកំពុងធ្វើការនៅតំបន់កសិកម្មក្បែរតំបន់ Gaza Strip៕ ប្រែសម្រួលៈ ណៃ តុលា

To Top