ស៊ីដនី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យន្តហោះធុនស្រាលចំនួន១គ្រឿង បានធ្លាក់ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបណ្តាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត ។
យោងតាមប៉ូលិសប្រចាំនៅរដ្ឋ Queensland បានឲ្យដឹងថា នៅម៉ោងប្រហែល២និង៣០នាទីរសៀល ម៉ោងក្នុងស្រុក ក្រុមសេវាសង្គ្រោះបន្ទាន់ត្រូវបានទាក់ទងដោយសមាជិក នៃសាធារណជនអំពីការធ្លាក់យន្តហោះដែលបានកើតឡើងនៅជិតកន្លែងអណ្តូងរ៉ែប្រហែល៤០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង McKinlay ដែលជាទីក្រុងដាច់ស្រយាលមួយនៅភាគពាយព្យរបស់រដ្ឋនេះ ។
គេបានដឹងថា ឧទ្ធម្ភាគចក្រសង្គ្រោះមួយបានរកឃើញបំណែកធ្លាក់ពីលើអាកាស ខណៈក្រុមនាវិកធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ។
នៅម៉ោងប្រហែល៥និង០០នាទីល្ងាច ម៉ោងក្នុងស្រុក មន្ត្រីប៉ូលិសបានទៅដល់កន្លែងកើតហេតុ បានរកឃើញមនុស្សចំនួន៣នាក់នៅលើយន្តហោះនោះ ហើយត្រូវបានគេបញ្ជាក់ថា បានស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា