ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ , ការជួបជុំសំណេះសំណាល ពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជន ទូទាំងប្រទេសផងដែរ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។
ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ៕



