ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ផ្តល់អនុសាសន៍បន្ថែមទៀត ឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង បន្តសកម្មភាពរបស់ខ្លួន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៥ វិច្ឆិកា បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង។

នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរ មន្រ្តីសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងសំណង់អគារថ្មីៗ និងអគារដែលមានស្រាប់​ ដោយត្រូវបានរៀបចំ និងជួសជុលឡើងវិញបានយ៉ាងល្អប្រសើរ រួមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ទន្ទឹមនឹងការរីកចម្រើនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការបន្តសកម្មភាពតទៅមុខទៀត ដូចជា ធ្វើទំនើបកម្មមន្ទីរពេទ្យប្រកបដោយនវានុវត្តន៍ ឌីជីថល និងមានការទទួលស្គាល់គុណភាព ។ ជំរុញការអនុវត្តគម្រោងសាងសង់អគារថ្មីបន្ថែមទៀត ។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត ។ បន្តអនុវត្តសកម្មភាពដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាអាទិភាព របស់ក្រសួងសុខាភិបាល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចនូវការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលក្នុងនោះវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ត្រូវចូលរួមអនុវត្តយុទ្ធសាស្រ្តគន្លឹះ ទាំង៩ ចំណុច និងអាទិភាពគន្លឹះ លោកសាស្ត្រាចារ្យបានឲ្យពង្រឹងមណ្ឌលសុខភាព តាមរយៈការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ឱសថឲ្យគ្រប់គ្រាន់ និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីធានាការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង។ពង្រឹងគុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ ដោយផ្តោតទៅលើការពង្រឹងផ្នែកប្រពោធទនកម្ម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្រ្ត។ ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលផ្នែកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឲ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

To Top