ព័ត៌មានអន្តរជាតិ

ចិន ​ប្រឆាំង​ដាច់ខាត​ នឹង​ការ​ដាក់​ឈ្មោះ​ថ្មី​ របស់​លោក បៃដិន ថាលោក ស៊ី ជីនពីង ​ជា​ជនផ្តាច់ការ

រូបភាពពី៖​ Kyodo

ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះពាក្យសំដីថ្មី របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថាជាមេដឹកនាំផ្តាច់ការភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយនិយាយថា ការលើកឡើងរបស់លោក គឺ “ខុសខ្លាំង​ និងឧបាយកលនយោបាយមិនទទួលខុសត្រូវ” ។

ដោយមិនបញ្ចេញឈ្មោះលោក បៃដិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅ នីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា តែងតែមានមនុស្សមួយចំនួនដែលមាន “ចេតនាទុច្ចរិត” ដែលព្យាយាមបង្អាក់ទំនាក់ទំនងចិន-អាមេរិក ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះនឹងមិនទទួលបានជោគជ័យឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយលោក ស៊ី លោក បៃដិន បានចាត់ទុកមេដឹកនាំចិនថា ជាមេដឹកនាំផ្តាច់ការក្នុងន័យថា លោក “គ្រប់គ្រងប្រទេស ដែលជាប្រទេសកុម្មុយនិស្តផ្អែកលើទម្រង់រដ្ឋាភិបាលខុសពីប្រទេសរបស់យើងទាំងស្រុង” ។

លោក បៃដិន បានធ្វើការកត់សម្គាល់បន្ទាប់ពីបានសរសើរពីវឌ្ឍនភាព ដែលធ្វើឡើងក្នុងការបញ្ចុះសីតុណ្ហភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ កាល​ពី​ខែ​មិថុនា ប្រធានាធិបតី​អាមេរិក​បាន​ពណ៌នា​លោក ស៊ី ថា​ជា​ជន​ផ្តាច់ការ​នៅ​ក្នុង​ព្រឹត្តិការណ៍​រៃអង្គាស​ប្រាក់​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន។

ប្រធានាធិបតីអាមេរិក បានលើកឡើងនៅពេលនោះថា លោក ស៊ី មានការខកចិត្ត ចំពោះភាពតានតឹងជុំវិញការសង្ស័យថា បារឡុងចារកម្មចិន ដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ។ លោក បៃដិន បានលើកឡើង​ថា​ “នោះ​ជា​ការ​អាម៉ាស់​យ៉ាង​ខ្លាំង ​សម្រាប់​ជន​ផ្តាច់ការ​។​ នៅ​ពេល​ពួកគេ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ”៕ ប្រែសម្រួល ឈូក​ បូរ៉ា

To Top